គ្រូបង្វឹក និងគ្រូជំនួយ១៦៥នាក់ស្វែងយល់ពីផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនត្រៀម SEA GAMES

នូ មករា April 23, 2019


ភ្នំពេញ៖ សិក្ខាកាមចំនួន១៦៥នាក់ដែលជាគ្រូបង្វឹក និងគ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន៣៤ និងក្រុមគ្រូបង្វឹកកីឡាជនពិការចំនួន ១០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គស្ដីពីផែនការរៀបការបង្ហាត់ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់កីឡាករជម្រើសជាតិរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយវគ្គនេះចាប់ផ្ដើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសាខាងមុខ និងមានការអញ្ជើញចូលរួមបើកជាផ្លូវការដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ខណៈដែលសិក្ខាកាមចូលរួមមានចំនួន ១៦៥រូបដែលពួកគេជាគ្រូបង្វឹក និងគ្រូជំនួយកីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីថ្នាល។

សម្រាប់ឆ្នាំនេះការប្រមូលផ្ដុំកីឡាជម្រើសជាតិមានរយៈពេល ៧ខែដោយប្រមូលផ្ដុំលើកីឡាចំនួន៣៤ប្រភេទនិងមានកីឡាករ-កីឡាការិនីចំនួន ៥០៤នាក់ ចំពោះកីឡាថ្នាលប្រមូលផ្ដុំលើ ៣១ប្រភេទកីឡាដែលមានកីឡាករ-កីឡាការិនីចំនួន ៥០០នាក់។ សម្រាប់ការប្រមូលផ្ដុំឆ្នាំនេះគឺមានការកែទម្រង់ឡើងវិញដោយកីឡាករ-កីឡាការិនីទាំងជម្រើសជាតិទាំងថ្នាលត្រូវហូបចុកដែលរៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលជាអាហារមានកាឡូរីត្រឹមត្រូវតាមនិយាមកីឡាហើយកីឡា
ជម្រើសជាតិនឹងប្រមូលផ្ដុំរយៈពេល២១៤ថ្ងៃដើម្បីហ្វឹកហាត់។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងពង្រឹងគុណភាពព្រមទាំងប្រសិទ្ធិភាពនៃការបង្ហាត់និងការហាត់របស់ក្រុមជម្រើសជាតិព្រមទាំងក្រុមថ្នាលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមានន័យថា មានផែនការល្អ ហើយគុណផលកើនឡើងក្នុងការប្រកួតកីឡា SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ជាពិសេសការត្រៀមលក្ខណៈឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា និងចូលរួមការប្រកួតអន្តរជាតិនានា។

ក្នុងឱកាសនេះ លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា វគ្គបំប៉ននេះធ្វើឡើងដើម្បីឲ្យគ្រូបង្វឹកចេះរៀបចំផែនការហ្វឹកហាត់ កម្មវិធីហ្វឹកហាត់ឲ្យស្របតាមស្ដង់ដារសកល ។ ចំពោះវាគ្មិនដែលចូលរួមទ្ទេសនាមក្នុងសិក្ខាសាលនេះមាន លោក ព្រំ វណ្ណារឿន មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយនឹងធ្វើបទបង្ហាញពីការប្រឆាំងសារធាតុដូប៉ា (សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើក្នុងកីឡា), លោក ប្រាក់ សុវណ្ណារ៉ា មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ដែលធ្វើបទបង្ហាញពីផែនការហ្វឹកហាត់,លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីរបបអាហារ និងភេសជ្ជៈសម្រាប់អត្តពលិក ការបង្ការរបួសក្នុងកីឡា ការសង្គ្រោះបឋមរបស់គ្រូបង្វឹក និងការប្រឆាំងសារធាតុដូប៉ា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីផែនការ និងវិធីសាស្រ្តហាត់ហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់,លោក រ៉ា ម៉ា ដែលជាអ្នកឯកទេសខាងសាច់ដុំធ្វើបទបង្ហាញពីការប្រើប្រាស់ឧបករណ៍ហាត់ជំនួយសាច់ដុំ និងលោក ប៊ូ ជុំសេរី ធ្វើបទបង្ហាញពីគ្រូបង្វឹកនិងការអភិវឌ្ឍន៍គុណផល៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់