សហព័ន្ធកីឡាគុនដាវកម្ពុជា ពង្រឹងសមត្ថភាពគ្រូបង្វឹកតាមរយៈការបណ្តុះបណ្តាលដោយគ្រូបរទេស!

នូ មករា April 22, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាគុនដាវកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាគុនដាវកម្រិត១ ដំណាក់កាលទី១ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៩ និងបានបញ្ចប់នៅថ្ងៃទី២១ ខែមេសាម្សិលមិញនេះ ។ សម្រាប់ វគ្គនេះមានសិក្ខាកាមចូលសិក្សាចំនួន ១៥រូបដែលក្នុងចំណោមនេះមាន ៤រូបមកពីខេត្តសៀមរាប និង៤រូបនៅរាជធានីភ្នំពេញ និងសុទ្ធសឹងជាគ្រូអប់រំកាយកីឡា ចំណែក៧រូបទៀតរួមមាន ៣រូបជាគ្រូបង្វឹកដែលមិនទាន់មានអាជ្ញាប័ណ្ណកីឡាករ ហើយ៣រូបទៀតជាកីឡាករដែលបានអភិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក ខណៈដែលមួយរូបទៀតជាអ្នកស្ម័គ្រចិត្ត។

លោក សុខ អាង អគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថា វគ្គនេះធ្វើឡើងដោយប្រើប្រាស់ថវិកាក្រសួងអប់រំយុវជន និងកីឡា រួមជាមួយថវិកាផ្ទាល់របស់សហព័ន្ធ។ លោកបានបន្តថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីគ្រូជនជាតិបារាំងគឺ លោក Bruno Gaby និងត្រូវបានរៀបចំក្នុងគោលដៅខុសពីវគ្គសិក្សានានាដែលសហព័ន្ធជាតិផ្សេងៗរៀបចំកន្លងមក ពោលគឺសហព័ន្ធបានបែងចែកជា ៤ដំណាក់កាលដោយដំណាក់កាលនីមួយៗមានរយៈពេលពី ៣ទៅ៥ថ្ងៃ។ ចំពោះ វគ្គនេះគឺជាដំណាក់កាលទី១ដោយសិក្សាពីប្រវត្តិព្រមទាំងមូលដ្ឋានគ្រឹះនៃកីឡាគុនដាវ។

ចំណែកណាក់កាលទី២ដែលនឹងធ្វើនៅដើមខែមិថុនាឆ្នាំ២០១៩ នឹងសិក្សាពីបច្ចេកទេសបង្ហាត់ បទបញ្ជានៃការប្រកួត វិធីការពារការគ្រោះថ្នាក់ជាយថាហេតុនៅពេលហ្វឹកហាត់ និងប្រកួតជាដើម។ សម្រាប់ដំណាក់កាលទី៣ដែលធ្វើនៅអំឡុងងខែកញ្ញាសិក្សាពីបច្ចេកទេស កលល្បិច ការស្ដារកម្លាំង របៀបប្រើប្រាស់សម្ភារៈ ការជួសជុល និងការកែច្នៃសម្ភារៈហ្វឹកហាត់សម្រាប់តំបន់ខ្វះខាត ។ រីឯដំណាក់កាលទី៤នឹងធ្វើនៅខែវិច្ឆិកាគឺសិក្សាពីការចូលរួមប្រកួត ការរៀបចំការប្រកួតដោយប្រើ និងមិនប្រើឧបករណ៍ ការស្វែងរកអ្នកឧបត្ថម្ភ និងរបៀបទំនាក់ទំនងជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថានៅរាល់ការសិក្សាបញ្ចប់ដំនាក់កាលនីមួយៗមិនមានចែកវិញ្ញាបនបត្រឡើយប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សាទាំង៤ដំណាក់កាលសិក្ខាកាមនឹងបានទទួលវិញ្ញាបនប័ត្រថ្នាក់ជាតិសម្រាប់គ្រូកម្រិត១ តែម្តង។ ទន្ទឹមនឹងនេះបន្ទាប់ពីបញ្ចប់ដំណាក់កាលនីមួយៗសហព័ន្ធនឹងបន្តធ្វើការជាមួយគ្រូអប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សានានាដើម្បីចូលរួមផ្សព្វផ្សាយ និងបង្ហាត់ដល់សិស្សដោយសហព័ន្ធជួយផ្ដល់នូវសម្ភារៈហ្វឹកហាត់ជូនដល់គ្រឹះស្ថានសិក្សាទាំងនោះ។ ជាពិសេស សាលានីមួយៗអាចទទួលបានសម្ភារៈហ្វឹកហាត់ពី ៤ទៅ៦ឈុតផងដែរ ។ លោក សុខ អាង បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ឈុតហ្វឹកហាត់ដែលផលិតនៅប្រទេសចិនមួយឈុតៗមានតម្លៃចាប់ពី ៥០០ទៅ៦០០ដុល្លារឯណោះ ហើយចំពោះឈុតសម្រាប់ប្រកួតតម្លៃចាប់ពី ៧៥០ដុល្លារដល់ជាង ២.០០០ដុល្លារពោលគឺមានតម្លៃថ្លៃៗខ្លាំងណាស់៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់