ប្រមុខកីឡាប៉ូលីស សង្ឃឹមដណ្ដើមបានមេដាយមាស១០០គ្រឿងក្នុងការប្រកួត កីឡាជាតិលើកទី៣

មាស សុផាណារ៉ុង April 22, 2019


 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានដាក់ក្ដីសង្ឃឹមថា ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ក្រុមកីឡាក្រសួងមហាផ្ទៃ ប្ដេជ្ញាដណ្ដើមមេដាយមាសឲ្យបាន១០០គ្រឿងយ៉ាងតិច។

លោកបង្ហាញនូវការជឿជាក់បែបនេះដោយសារតែពេលនេះលោកពង្រឹងកីឡាថ្នាលហើយពេលនេះពួកគេកំពុងតែមានសមត្ថភាពល្អ និងមានវិន័យក្នុងការហ្វឹកហាត់។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ដើម្បីឲ្យកីឡាខ្លាំងត្រូវតែមានការលើកទឹកចិត្ត ពិសេសត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន។ ហ្វឹកហាត់ដោយមានការប្រកួតច្រើននោះគឺជាការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី។

អ្នកប្រកួតបានលទ្ធផលល្អ គេកាន់តែមានទឹកចិត្តហ្វឹកហាត់តែចំពោះអ្នកដែលមិនបានទទួលលទ្ធផលល្អត្រូវតែលើកទឹកចិត្តដល់ពួកគេ ដើម្បីឲ្យកាន់តែព្យាយាមហ្វឹកហាត់បន្ថែម។

សូមបញ្ជាក់ថា កាលពីប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ដែលកាលនោះ រាជធានីភ្នំពេញ បានលេខ១ ដោយដណ្ដើមបានមេដាយសរុប១០២គ្រឿង គឺមាស៤១គ្រឿង ប្រាក់៣៤គ្រឿង និងសំរិទ្ធ២៧គ្រឿង។ ក្រសួងមហាផ្ទៃ ដែលឈរនៅចំណាត់ថ្នាក់លេខ២ នោះបានមេដាយសរុបចំនួន៥៩គ្រឿង ក្នុងនោះមេដាយមាសចំនួន២៨គ្រឿង ប្រាក់១៦គ្រឿង និងសំរិទ្ធ១៥គ្រឿង។ ក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ៣ បានមេដាយសរុបចំនួន៥៥គ្រឿង ក្នុងនោះមេដាយមាសចំនួន២២គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ១៦គ្រឿង។

ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ ឡើងឈរនៅចំណាត់ថ្នាក់ទី១ ដោយដណ្ដើមបាន មេដាយមាស៨៣គ្រឿង ប្រាក់៤៣គ្រឿង និងសំរិទ្ធ២៣គ្រឿង សរុប១៤៩គ្រឿង។ រាជធានីភ្នំពេញ ដែលធ្លាក់មកចំណាត់ថ្នាក់លេខ២នោះ បានមេដាយសរុបចំនួន១២៤គ្រឿង ក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង និងសំរិទ្ធ៤៦គ្រឿង។ ការពារជាតិឈរនៅចំណាត់ថ្នាក់លេខ៣ ទៀតនោះបានមេដាយសរុបចំនួន៦៧គ្រឿង ក្នុងនោះមាស៣៣គ្រឿង ប្រាក់១៨គ្រឿង និងសំរិទ្ធ១៦គ្រឿង។

ជាមួយនឹងការកើនឡើងនូវចំនួនមេដាយបែបនេះលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង សង្ឃឹមថានឹងរកបានមេដាយមាសយ៉ាងតិចបំផុត១០០គ្រឿង នាឆ្នាំ២០២០ ក្នុងការប្រកួតកីឡាជាតិលើកទី៣។សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ មានកីឡាជំនាញចំនួន២៧វិញ្ញាសារ និងមានកីឡាករសរុបជាង៤០០នាក់៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់