Spur ចាញ់ Man City តែបានឡើងវគ្គ ១/២ ខណៈ Liverpool ឈ្នះ Porto យ៉ាងងាយស្រួល

មាស សុផាណារ៉ុង April 18, 2019


 

អ៊ឺរ៉ុប៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំផ្លាញក្ដីស្រមៃរបស់ Manchester City ក្នុងបំណងចង់ឈ្នះពាន ៤ក្នុងមួយរដូវកាល បន្ទាប់ពីបានឈ្នះដោយរូបមន្តក្រៅដី ក្នុងពានរង្វាន់ UEFA Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយ ជើងទី២ កាលពីយប់មិញ។

និយាយពីការប្រកួត ដោយចាប់​ផ្ដើម​បានតែ ​៤​នាទី​ Raheem Sterling រក​បាន​គ្រាប់​ដំបូង​ឲ្យ City ប៉ុន្តែ​រំលង ៣​នាទី​ក្រោយ​មក​កីឡាករ​កូរ៉េខាងត្បូង​ Heung-Min Son​ ទាត់ចូលទីតាម​ស្មើ​វិញ​ឲ្យ Spurs មុននឹង Son ដដែលរកគ្រាប់ទី២ ត្រឹមតែ៣នាទីបន្ទាប់ ពោលគឺនៅនាទី១០ ដែលជាការនាំមុខវិញម្ដង ប៉ុន្តែភ្លាមៗកីឡាករ Benardo Silva រកគ្រាប់តាមស្មើនៅនាទី១១ និង Raheem Sterling រកគ្រាប់បាល់ឲ្យ Man City ជាថ្មីនៅនាទី២១ នាំមុខ Spur ជាលើកទី២ មុនចប់វគ្គទី១។

ចូលដល់វគ្គទី២ នៅនាទី​៥៩ ខ្សែ​ប្រយុទ្ធ Sergio Aguero រក​បាន​គ្រាប់​​ទី​៤​ឲ្យ Man City ធ្វើ​ឲ្យ​ក្រុម​កាន់តែមានទំនុកចិត្ត ប៉ុន្តែ​ទំនុកចិត្ត និងក្ដីសង្ឃឹមត្រូវបានរលាយបន្ទាប់​ពីកីឡាករ Fernando Llorente រក​បាន​គ្រាប់​ទី​៣​ឲ្យ​ Spurs នៅនាទី៧៣ និងរក្សាលទ្ធផលនេះដល់ចប់ការប្រកួត Man City ៤ Tottenham Hotspur ៣ ប៉ុន្តែ Spur ឈ្នះលើរូបមន្តទាត់ចូលទីក្រៅដីដល់ទៅ៣គ្រាប់ ខណៈជើងទី១ Spur ឈ្នះ Man City ១ទល់០ ( លទ្ធលសរុបទាំង២ជើង ៤ទល់៤ )។

ដោយឡែកការប្រកួតមួយគូទៀត Liverpool បាន​បន្ត​យកឈ្នះ FC Porto ១ទល់៤ នៅជើងទី២ វគ្គដូចគ្នានេះ ធ្វើបានម្នាក់១គ្រាប់ដោយ Mane, Salah, Firmino និង Van Djik  ធ្វើឲ្យ​ក្រុមហង្សក្រហមមួយនេះឈ្នះសរុបទាំង២ជើង ១ទល់នឹង៦។

ដូចច្នេះ គិតត្រឹមពេលនេះ ក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ Ajax , FC Barcelona , Liverpool និង Spur ខណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Ajax ត្រូវប៉ះ Spur ស្របពេលដែល Liverpool ត្រូវប៉ះ Barcelona។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spur ប៉ះ Ajax ជើងទី១ នៅថ្ងៃទី៣០ ខែមេសា ហើយ Barcelona ប៉ះ Liverpool ថ្ងៃទី០១ ខែឧសភា និងត្រលប់ទៅជើងទី២វិញ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែឧសភា៕

 

រូបភាព៖ UEFA Champions League

អត្ថបទ៖ ណារ៉ុង

មតិយោបល់