ហែលទឹកពានរង្វាន់សម្ដេចក្រឡាហោម ក្រសួងសាធារណការ ដេញប្រកៀកប្រកិត មហាផ្ទៃ

មាស សុផាណារ៉ុង April 12, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វានសម្ដេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ បានធ្វើកាលពីថ្ងៃទី១១ ខែមេសា នាមជ្ឈមណ្ឌលហែលទឹកពហុកីឡដ្ឋានមរតកតេជោ។ ព្រឹត្តិការណ៍នេះឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោម ស ខេង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាមាន កីឡាករ-កីឡាការិនី ចូលរួមចំនួន៧០នាក់ ដែលក្នុងនោះកីឡាការិនី១៩នាក់ និងកីឡាករជនពិការ មកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចំនួន៩នាក់ មកពី៩សមាគម-ក្លឹប។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៥គឺ ជនពិការមួយវិញ្ញាសា កុមារអាយុក្រោម១៣ឆ្នាំ មានកុមារា២វិញ្ញាសា និងកុមារី២វិញ្ញាសា។ យុវជនអាយុក្រោម១៨ឆ្នាំ មានបុរស២វិញ្ញាសា នារី២វិញ្ញាសា និង កីឡាជំនាញគឺបុរស៤ វិញ្ញាសា និងនារី២វិញ្ញាសា។

ចំពោះលទ្ធផលនៃការប្រកួត ក្រសួងមហាផ្ទៃ នៅតែដណ្ដើមបានមេដាយនាំមុខគេដដែលគឺដណ្ដើមបានដូចខាងក្រោម៖

  • មហាផ្ទៃ – មេដាយមាស ចំនួន៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង
  • ក្រសួងសាធារណការ និងដឹកជញ្ជូន- មេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ – មេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង
  • សាលាខេមវីដ – មេដាយមាស២គ្រឿង និងប្រាក់២គ្រឿង
  • ក្រសួងពត៌មាន – មេដាយមាស២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង
  • ជនពិការមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា – មេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថាលោកនឹងរៀបចំព្រឹត្តិការណ៍នេះឲ្យបានមុនថ្ងៃចូលឆ្នាំជារៀងរាល់ឆ្នាំ។

សូបបញ្ជាក់ថាសម្រាប់មេដាយមាសបានទទួលរង្វាន់អមមេដាយ ចំនួន៣០០.០០០រៀល មេដាយប្រាក់ ២០០.០០០រៀល និងមេដាយសំរិទ្ធបាន១០០.០០០រៀល។ ចំពោះអ្នកដែលមិនបានចំណាត់ថ្នាក់បានរង្វាន់លួងចិត្តម្នាក់ៗ ២០.០០០រៀល ដែរ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់