ប្រមុខអត្តពលកម្មកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ី នៅទីក្រុង DOHA

មាស សុផាណារ៉ុង April 11, 2019


 

ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងអញ្ជើញទៅចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ី និងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ីលើកទី២៣ ( 23rd Asian Athletics Championships ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង DOHA ប្រទេសកាតា។

លោក ហ៊ុន បូរី អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថាប្រតិភូ គ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តចំនួន៥នាក់នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតា ចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី និងចូលរួមការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ី។

មន្ត្រី និងកីឡាករទាំង៥រូបនោះមាន លោក អ៊ុក សិទ្ធិជាតិ ដែលជាប្រធានសហព័ន្ធត្រូវទៅចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី។ ក្រៅពីនោះគឺ លោក អគ្គលេខាធិការ ហ៊ុន បូរី គ្រូបង្វឹកគឺលោក លាក់ ឡុច ឯកីឡាករចំនួន២រូបនោះគឺ ប៉ែន សុគង់ និងកីឡាករ វ៉ាន់ ភារ៉ា។

សម្រាប់កីឡាករទាំង២រូបនេះ ប៉ែន សុគង់ លេងចំនួន២វិញ្ញាសាគឺរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និង ២០០ម៉ែត្រ។ កីឡាកររូបនេះធ្លាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិនមួយរយៈ ពេលនេះនៅកម្ពុជា និងឈរនៅលំដាប់កំពូលនៃវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំពោះកីឡាករ វ៉ាន់ ភារ៉ា មានឯកទេសខាងរត់ចម្ងាយឆ្ងាយ។ ការចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនេះ កីឡាកររូបនេះក៏លេង២វិញ្ញាសាដែរគឺរត់ចម្ងាយ ៥.០០០ម៉ែត្រ និង១០គីឡូម៉ែត្រ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់