E-Sport រៀបចំការប្រកួតដណ្ដើមប្រាក់រង្វាន់ ៦០០០ដុល្លារ លើកដំបូងនៅកម្ពុជា

មាស សុផាណារ៉ុង April 10, 2019


 

ភ្នំពេញ៖ នេះជាលើកដំបូងហើយដែលសហព័ន្ធបានប្រកាសរៀបចំការប្រកួត Mobile Legends: Bang Bang Southeast Asia Cup 2019 នៅកម្ពុជា ដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកដែលមានសមត្ថភាពតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅក្រៅប្រទេស។ ខណៈដែល កម្ពុជាក៏ស្ថិតក្នុងចំណាត់ថ្នាក់ដែលមានអ្នកលេងច្រើន ហើយមានក្រុមខ្លាំងៗជាច្រើនផងដែរ។

លោកលន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡេចត្រូនិចកម្ពុជា បានថ្លែងកាលពីព្រឹកមិញនេះថា ការប្រកួតនឹងបើកអោយចុះឈ្មោះពីថ្ងៃទី១០ ខែមេសា តទៅរហូតដល់ថ្ងៃទី២៤ ខែមេសា ២០១៩ ឬនៅពេលគ្រប់ចំនួន ១២៨ក្រុម។ ការប្រកួតជំរុះលក្ខណៈ Online នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ឧសភា ២០១៩ រហូតដល់នៅសល់ ៤ក្រុមចុងក្រោយ ទើបប្រកួតនៅលើឆាកធំថ្ងៃទី១៨ ខែឧសភា តែម្តង។

ក្រុមដែលឈ្នះជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ២៤,០០០,០០០រៀល ស្មើនឹង ៦០០០ដុល្លារ ពីក្រុមហ៊ុន Montoon ដែលជាអ្នកផលិតនិងអភិវឌ្ឍន៍ Mobile Legends : Bang Bang និងកៅអីទៅប្រកួតជាមួយនឹងបណ្តាប្រទេសអាស៊ីអាគេ្នយ៍ផ្សេងទៀតនៅឯប្រទេសភីលីពីន ដែលក្រុមហ៊ុន Montoon ជាអ្នករ៉ាប់រងបន្ទុកធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារតែម្តង។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានអនុញ្ញាតឲ្យ ក្រុមហ៊ុន GENTEC WORK Co., Ltd រៀបចំការប្រកួតនេះឡើងដើម្បីអភិវឌ្ឃន៍ វិញ្ញាសា Mobile Legends នេះព្រោះវាជាវិញ្ញាសាដែលត្រូវបានគណកម្មាការរៀបចំការប្រកួត SEA Games 2019 នៅប្រទេសហ្វីលីពិនបានដាក់បញ្ចូលការប្រកួត។

គួបញ្ជាក់ផងដែរថា Mobile Legends: Bang Bang គឺជាវិញ្ញាសាមួយដែលលេងនៅលើទូរស័ព្ទ ៥ទល់៥ ហើយដែលបានចេញផ្សាយតាំងតែពីឆ្នាំ២០១៦ មកហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ទូទាំងពិភពលោក ជាពិសេសនោះគឺតំបន់អាស៊ីអាគ្នេយ៍៕

 

សម្រាប់ព័ត៌មានលំអិតអំពីការប្រកួត និងច្បាប់ទូទៅសូមចូល ទៅកាន់ទំព័រ Facebook របស់ Mobile Legends : Bang Bang https://www.facebook.com/mobilelegendsgame/

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់