ខេត្តបាត់ដំបង គ្រោងសាងសង់មណ្ឌលកីឡាហែលទឹកជាថ្មីឡើងវិញ

មាស សុផាណារ៉ុង April 10, 2019


 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថែមទាំងជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក បានចុះទៅពិនិត្យទីតាំងគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក មានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង។

មណ្ឌលហែលទឹកនេះគ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិដែលមានទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម។ អាងទឹកនេះកសាងឡើង ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាព។

ជាមួយគ្នានេះអាងទឹកនេះក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន។ តាមការគ្រោងទុក នោះបន្ទាប់បុណ្យចូលឆ្នាំប្រពៃណីជាតិហើយនោះសហព័ន្ធ អាជ្ញាធរ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេត្តបាត់ដំបង នឹងធ្វើពិធីក្រុងពាលីតាមប្រពៃណីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីកសាង។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ថាសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិឌ្ឍន៍ និងបណ្តុះបណ្តាលកីឡាករ-កីឡាការនី ឈុតធំ និងថ្នាល់ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2023 ) នាពេលខាងមុខនេះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់