គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី

មាស សុផាណារ៉ុង April 6, 2019


 

ភ្នំពេញ៖ រសៀលថ្ងៃ០៥ ខែមេសា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីត្រៀមទទួលអំណរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ថោង ខុន ប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសមាជិកប្រតិបត្តិព្រឹទ្ធាចារ្យកីឡា ព្រមទាំងលោក លោកស្រី ជាមន្រ្តីក្រោមឱវាទគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ជាច្រើននាក់ផងដែរ។

ជាមួយនឹងការរៀបចំពិធីសាសនាខាងលើនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញកីឡាករ-កីឡាការិនីចាស់ៗ គ្រូបង្វឹកចាស់មកចូលរួមពិសារអាហារសាមគ្គីដើម្បីបង្កើតនូវបរិយាកាសបានជួបជុំគ្នារំលឹកពីអតីតកាល និងបានជួបជុំគ្នាសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះស្ថាប័នកីឡាកំពូលនេះក៏បានផ្ដល់នូវវត្ថុអានុស្សាវរីយ៍ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីជើងចាស់ ទាំងអស់ដូចបណ្ដាឆ្នាំកន្លងមកដែរ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តនេះរៀបចំឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ព្រមទាំងអតីត កីឡាករ-កីឡាការិនី ដែលបានចែកឋានទៅកាន់បរលោកខាងមុខសូមរំដោះរួចចាកផុតពីកម្មពារវេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ការរាំរបាំត្រុដិដើម្បីបណ្ដេញឧបទ្រព្យចង្រៃ និងការទទួលមកវិញនូវពរឆ្នាំថ្មីតាមរយៈរបាំជូនពរក៏បានធ្វើស្របទៅតាមប្រពៃណីនៃពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOCC

អត្ថបទ៖ វ៉ាន្នី

មតិយោបល់