សម្តេចតេជោព្រមានចំៗលើការពង្រឹងសមត្ថភាពអាជ្ញាកណ្តាលពិសេសកីឡាប្រដាល់ និងបាល់ទាត់

នូ មករា April 4, 2019


ភ្នំពេញ៖ នៅក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួនប្រមាណ ៤,០៩៦នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនដែលសុទ្ធសឹងតែជាអនុសាសន៍ល្អៗក្នុងការជំរុញវិស័យកីឡានៅកម្ពុជាឱ្យមានភាពរីកចម្រើនជាលំដាប់។

ក្នុងនោះដែរ សម្តេចតេជោ បានលើកឡើងនូវបញ្ហាអសកម្មមួយចំនួនពាក់ព័ន្ធលើសមត្ថភាពអាជ្ញាកណ្តាលពិសេសលើប្រភេទកីឡាបាល់ទាត់ និងប្រដាល់តែម្តងដោយសម្តេចបានបញ្ជាក់ថា អាជ្ញាកណ្តាលត្រូវតែមានសមត្ថភាព បច្ចេកទេស វិជ្ជាជីវៈក្នុងការកាត់ក្តីដោយយុត្តិធម៌ និងមានក្រមសីលធម៌ជៀសវាងការបាក់ទឹកចិត្តអត្តពលិក ឬអាចខូចខាតដល់កិត្តយសជាតិទាំងមូល ព្រោះអាជ្ញាកណ្តាលអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតលក្ខណៈអន្តរជាតិ ដូច្នេះគេមិនអាចធ្វេសប្រហែសបានឡើយ។

ជាមួយនឹងប្រសាសន៍បែបនេះ សម្តេចក៏បានរំលឹកពីការកាត់សេចក្តីឡើងវិញក្នុងករណីកីឡាករ ឡុង សុវណ្ណឌឿន និង កែវ រំចង់ កាលពីពីប៉ុន្មានឆ្នាំមុនផងដែរ ដោយសម្តេចបានបញ្ជាក់ថា សម្តេចមិនពេញចិត្តក្នុងការកាត់ក្តីកាលនោះឡើយហើយក្រោយពេលស្រាវជ្រាវក៏រកឃើញថាពិតមានបញ្ហាពិតមែន ដូចនេះហើយ សម្តេចបានចង្អុលបង្ហាញថា សហព័ន្ធកីឡាប្រដាល់ត្រូវតែធ្វើការពង្រឹងសមត្ថភាពអាជ្ញាកណ្តាលរបស់ខ្លួន បើពុំនោះទេ សម្តេចនឹងលូកដៃចូលក្នុងបញ្ហានេះតែម្តង៕
អត្ថបទ៖ មករា

មតិយោបល់