សហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា ទំនងជាមិនបានការទទួលស្គាល់ពីអូឡាំពិក និងអាជ្ញាធរកីឡា

មាស សុផាណារ៉ុង April 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា ( Cambodian Armwrestling Federation ) ដែលបានបង្កើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក ទំនងជាមិនបានការទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នោះឡើយ។

សហព័ន្ធនេះបង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់ លោក មាស សារិន ដែលលោកធ្លាប់ធ្វើជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំតែនៅក្នុងមហាសន្និបាតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ លោកបានអស់តួនាទីពីតំណែងនេះ។

បន្ទាប់ពីបាត់បង់តួនាទីនេះមក លោក មាស សារិន បានបង្កើតសហព័ន្ធនានាមួយចំនួនតែមិនបានទទួលជោគជ័យឡើយ។ សហព័ន្ធដែលលោកបង្កើតក្រោយគេ គឺសហព័ន្ធកីឡាប្រយុទ្ធដៃ នេះឯង គឺបង្កើតក្រោយសហព័ន្ធកីឡាទាញព្រ័ត្រតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ សហព័ន្ធចំបាប់ដៃនេះ លោក មាស សារិន ជាប្រធានសហព័ន្ធ និងមានអនុប្រធានចំនួន ៣រូប រួមមាន លោក ប្រាក់ សុជាតិ ជាអគ្គលេខាធិការ ដែលអមដោយអគ្គលេខាធិការរងចំនួន២រូប លោក គង់ សុភាព ជាអគ្គហេរញ្ញិក និងមានអគ្គហេរញ្ញិក ១រូប។

នៅថ្ងៃប្រកាសបង្កើតសហព័ន្ធ លោក មាស សារិន បាននិយាយរបៀបការពារខ្លួនថាសហព័ន្ធមួយនេះលោកបានសុំការអនុញ្ញាតនៅក្រសួងមហាផ្ទៃ។ តាមពិតនេះជារឿងត្រឹមត្រូវតាមច្បាប់តែក្នុងក្របខ័ណ្ឌជំនាញត្រូវមានការទទួលស្គាល់ពីអាជ្ញាធរកីឡា គឺក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

និយាយក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះនោះមន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា មួយរូបបានបង្ហើបឲ្យដឹងថា ក្រសួងអប់រំ ទំនងជាមិនទទួលស្គាល់សហព័ន្ធនេះឡើយព្រោះនៅក្នុងតំបន់អាស៊ានទើបតែមានប្រទេសចំនួន៣ តែប៉ុណ្ណោះដែលលេងកីឡានេះ។ ចំពោះក្របខណ្ឌទ្វីបអាស៊ីវិញមានសមាជិក ២២ប្រទេស និងក្របខ័ណ្ឌពិភពលោក មានតែ៨១ប្រទេសប៉ុណ្ណោះដែលលេងកីឡានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាកីឡាប្រយុទ្ធដៃនេះមិនមែនជាប្រភេទកីឡាអូឡាំពិកទេ រីឯការប្រកួតក៏មិនទាន់មានលក្ខណៈទូលំទូលាយផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ទំនងជាមិនអាចទទួលស្គាល់បាននោះទេ។

សូមបញ្ជាក់ថាកីឡាប្រភេទនេះនៅប្រទេសគេ គឺគេច្រើនលេងក្នុងពិធីផ្សេងៗក្រោមរូបភាពភ្នាល់ច្រើនជាងការប្រកួតជាលក្ខណៈកីឡា។ សម្រាប់នៅកម្ពុជា ក៏គេលេងតាមរបៀបភ្នាល់ដែរពិសេសក្នុងពិធីបុណ្យនានា៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOC Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់