អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួសជុលបានប្រមាណ៥៥ភាគរយហើយ

មាស សុផាណារ៉ុង April 2, 2019


 

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថាចាប់ពីថ្ងៃនៃការចាប់ផ្តើមជួសជុល និងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក គិតមកដល់ពេលនេះអាងហែលទឹក និងអាងលោតសម្រេចបានប្រមាណជា ៥៥ភាគរយ ហើយ។

លោកក៏បានដកស្រង់សំដីអះអាងពីក្រុមហ៊ុនចិនដែលទទួលបន្ទុកជួសជុលនោះមកប្រាប់ឲ្យដឹងថា យ៉ាងយូរបំផុតអាងហែលទឹកដែលកសាងឡើងកាលពី ទសវត្សឆ្នាំ១៩៦០ជាងនេះ នឹងបញ្ចប់ការជួសជុលទាំងស្រុងនៅដំណាច់ ខែឧសភា ឆ្នាំ២០១៩នេះ។

ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងសហព័ន្ធជាច្រើនរូបផងដែរ។ លោកបានអះអាងថា ការជួសជុល និងសាងសង់អាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពី ៧ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីដាក់ឲ្យដំណើរការឡើងវិញសម្រាប់ឲ្យ កីឡាករ-កីឡាការិនី កម្ពុជាធ្វើការហ្វឹកហាត់ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣។

ថវិកាសម្រាប់ជួសជុលអស់ជាង ២លានដុល្លាអាមេរិកឯណោះ។ សូមបញ្ជាក់ថាអាងលោតត្រូវបានពង្រីកបន្ថែម ចំណែកអាងហែល ក៏បានបន្ថែមគន្លងសម្រាប់ហែលផងដែរដើម្បីឲ្យបាន ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិនាយុគសម័យនេះ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់