ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បញ្ចប់វគ្គសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រម ដោយជោគជ័យ

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ វគ្គសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រម របស់ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) ដែលបានចាប់ផ្ដើមពីថ្ងៃទី១៩ ខែមករា មកនោះបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីចំណាយរយៈពេល ១២សប្ដាហ៍ នេះគឺដើម្បីបំប៉នដល់អាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូ WT ចំនួន ១៤រូប។

វគ្គនេះរៀបចំដោយបណ្ឌិតសភាតេក្វាន់ដូ WT ដោយសហការជាមួយ ខេមរសហព័ន្ធតេក្វាន់ដូ WT ។ លោក គង់ សក្ខិដា ដែលជាអគ្គលេខាធិការសហព័ន្ធបាននិយាយថានេះជាការកសាងធនធានមនុស្សដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ជាតិ ឆ្នាំ២០១៩ ។ លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានមានប្រសាសន៍ថាវគ្គសិក្ខាសាលានេះជាការពង្រឹងដល់ធនធានអាជ្ញាកណ្ដាល ចៅក្រម លើវិញ្ញាសាប្រយុទ្ធ វគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រក្នុងការផ្ដល់ពិន្ទុ លើការប្រកួតវិញ្ញាសាប្រយុទ្ធ កាយវិការបស់អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយយុត្តិធម៌ជាដើម។

លោកបាបន្តថា យើងនឹងបញ្ជូនកីឡាការិនីតេក្វាន់ដូកម្ពុជា ២រូប គឺកីឡាការិនី ស៊ន ស៊ីវម៉ី និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល “Casandre Nico Tubbs” ដែលជាកូនកាត់អាមេរិក ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ជើងឯកពិភពលោក ២០១៩ «World Taekwondo CHAMPIONSHIP 2019» នៅទីក្រុង Manchester ចក្រភពអង់គ្លេស ប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

វគ្គនេះ លោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងអាជ្ញាកណ្ដាលអន្តរជាតិ របស់កម្ពុជាជាអ្នកបង្រៀនអំពីទ្រឹស្ដី។ លោក គង់ សក្ខិដា ជាអគ្គលេខាធិការ របស់សហព័ន្ធជាអ្នកបង្ហាញពី ការអនុវត្តន៍ផ្ទាល់ដល់សិក្ខាកាម។

តេក្វាន់ដូ WTF ជាប្រភេទកីឡា ដ៏មានសក្ដានុពលមួយដែលកម្ពុជាតែងតែដណ្ដើមបាន មេដាយមាសពីការប្រកួតកីឡាថ្នាក់តំបន់ និងថ្នាក់ទ្វីប៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់