ស សុខា៖ មន្ត្រីបច្ចេកទេសត្រូវបំពេញការងារឲ្យពេញលេញ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០១៩

មាស សុផាណារ៉ុង March 28, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ចំពោះពិធីសម្ភោធន៍បើកការប្រកួតនឹងធ្វើនៅថ្ងៃទី៣០ ខែមីនា។

នៅព្រឹកថ្ងៃទី២៨ ខែមីនា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីប្រជុំបច្ចេកទេស និងស្ដាប់របាយការណ៍ស្ដីពីការត្រៀមខ្លួនដើម្បីធ្វើឲ្យការប្រកួតប្រព្រឹត្តិទៅស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវ។ បើតាមការឲ្យដឹងពី លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត ថាកីឡាចំនួន៤ប្រភេទ ត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះប្រភេទកីឡាបាល់ទាត់ មាន២៥ក្រុម មាន៤៣ប្រកួត ប្រភទកីឡាបាល់ទះ មាន២៥ក្រុមមានចំនួន៤៣ប្រកួត និងបាល់បោះ១៨ក្រុម មាន៤០ប្រកួត។

ចំពោះអត្តពលកម្មមាន២៤ក្រុម ដែលប្រកួតលើ ៤វិញ្ញាសា គឺរត់ល្បឿន៦០ម៉ែត្របុរស-នារី រត់បណ្ដាក់៥០ម៉ែត្រ៤ដង និងវិញ្ញាសាលោតចម្ងាយ។ ការប្រកួតនេះមានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១,២៥៦នាក់ ដែលក្នុងនោះកីឡាការិនី ចំនួន ៦២៨នាក់។

អត្តពលិកដែលចូលរួមនឹងស្នាក់នៅសណ្ឋាគារ ចំនួន៣ទីតាំង ដែលមាន៥១៨បន្ទប់។ ក្នុងអំឡុងពេលប្រកួតនេះ នឹងមានការប្រើប្រាស់រថយន្ដចំណុះ ២៥កៅអី ចំនួន២៥គ្រឿង ដើម្បីដឹកកីឡាករ-កីឡាការិនី ពីកន្លែងស្នាក់នៅមកកន្លែងប្រកួត។

លោករដ្ឋលេខាធិការ បានទាមទារឲ្យមន្ត្រីនានាដែលពាក់ព័ន្ធជាមួយការប្រកួតនេះត្រូវចូលរួមរក្សាសុវត្ថភាព ដល់កីឡាករ-កីឡាការិនី តាំងពីមុនពេលប្រកួត រហូតដល់ចប់ការប្រកួត និងជួយពួកគេឲ្យវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។ លោកក៏បានព្រមានដែរថាមន្ត្រីបច្ចេកទេសទាំងអស់ត្រូវបំពេញការងារឲ្យបានល្អ និងកុំបង្ហាញមុខតែពេលបើកលុយ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់