NOCC ប្រកាសឲ្យដឹងពីកាលបរិច្ឆេទនៃកម្មវិធីរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅជាភាសាអង់គ្លេសថា NOCC បានប្រកាសឲ្យដឹងពីកាលបរិច្ឆេទនៃកម្មវិធីរត់ប្រណាំង ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩។

នេះជាឆ្នាំទី៩ នៃព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ជាមួយនឹងការប្រាប់ឲ្យដឹងពីកាលបរិច្ឆេទនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានប្រាប់ពីទីកន្លែងចុះឈ្មោះចំនួន២កន្លែង គឺនៅអគារលេខ៧៩ ផ្លូវ១៥៥ សង្កាត់ទួលទំពូង ខ័ណ្ឌចំការមន និងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍នេះបានបង្កើតឡើងដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវិរៈរាជមាតាជាតិខ្មែរ ជាព្រឹត្តិការណ៍បើកទូលាយសម្រាប់ជនបរទេសទាំងអ្នកកំពុងបំពេញការងារនៅប្រទេសកម្ពុជា ទាំងអ្នករត់អាជីពមកពីក្រៅប្រទេសអាចចូលរួមរត់បានទាំងអស់។

ចំពោះការចុះ ឈ្មោះគឺចាប់ពីពេលនេះតទៅតែម្ដង ដោយក្រៅពីការរត់ពាក់កណ្ដាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ នោះនៅមានរត់១០គីឡូម៉ែត្រ និង រត់កំសាន្ដជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះនឹងធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នាមុខព្រះបរមរាជវាំង គឺទាំងការចេញដំណើរ និងការមកដល់ទីស្ថិតនៅមុខព្រះបរមរាជវាំង៕

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់