លទ្ធផលពីការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកយុវជនថ្នាក់ជាតិ

មាស សុផាណារ៉ុង March 25, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកយុវជនថ្នាក់ជាតិដែលចាប់ផ្ដើមពីថ្ងៃទី២២ មកនោះបានបញ្ចប់ហើយ នៅថ្ងៃទី២៣ ខែមីនា ដោយលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមក្នុង ពិធីបិទការប្រកួតនេះ។

លោកបានឲ្យដឹងដែរថា នេះជាការប្រកួតលើកដំបូងដែលឧបត្ថម្ភដោយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទាំងស្រុង។ លោកទទួលស្គាល់ថានេះជាការប្រកួតលើកដំបូងហើយចាប់ពីពេលនេះទៅវានឹងក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធមួយនេះ។ ការប្រកួតនេះមានតែ ២ប្រភេទអាយុប៉ុណ្ណោះ គឺអាយុក្រោម១៥ឆ្នាំ កុមារា-កុមារី និងយុវជនអាយុក្រោម១៨ឆ្នាំ។

លោកបានបញ្ជាក់បន្ថែមទៀតថា តាមពិតគឺមានប្រភេទអាយុក្រោម១៨ឆ្នាំនារី ផងដែរប៉ុន្តែអត់មានអ្នកចូលរួម។ លោក ជា ប៊ុនចាន់បុល អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាការប្រកួតនេះមាន កីឡាករ-កីឡាការិនី វ័យក្មេង ចូលរួមចំនួន៣៦រូប មកពីក្លិបចំនួន៣ សាលារៀនចំនួន៨ អង្គភាព១ និងក្រុមហ៊ុន១។

ចំពោះលទ្ធផលសម្រាប់ប្រភេទអាយុក្រោម១៥ឆ្នាំ មេដាយមាសបានទៅលើកីឡាករ កាង យូឃាង មកពីសាលាAIS មេដាយប្រាក់កីឡាករ កេង កិត្តតុលា មកពីសាលាហ្សាមែន និងមេដាយសំរិទ្ធកីឡាករ វិជ្ជនន្ទ នរៈពិជិត។ លទ្ធផលអាយុក្រោម១៥ឆ្នាំនារី មេដាយមាសកីឡាការិនី អ៊ុំ ណាកូហ្វី មកពីសាលាណតរ៍ឡាញ មេដាយប្រាក់កីឡាការិនី យិន ចាន់រតនា មកពីសាលាបាក់ទូក និងមេដាយសំរិទ្ធកីឡាការិនី សារឿន សុជាតា មកពីសាលាប៊ែលធី។ លទ្ធផលអាយុក្រោម១៨ឆ្នាំបុរស មេដាយមាស បានទៅលើកីឡាករ ឡាយ ភក្ដី មកពីក្រសួងមហាផ្ទៃមេដាយប្រាក់កីឡាករ ទៀ ហុកលី និងមេដាយសំរិទ្ធកីឡាករ ឃី តាយ។ យុវជនទាំង២នេះ មកពីក្លឹប All Star ជាមួយគ្នា។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតនេះសម្រាប់អ្នកដែលចូលរួមហើយមិនបានចំណាត់ថ្នាក់នោះក៏បានទទួលប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ៥០.០០០រៀល ផងដែរ៕

 

រូបភាព៖ Cambodia Table Tennis Federation – CTTF

អត្ថបទ៖ ណារ៉ុង

មតិយោបល់