ប្រមុខសហព័ន្ធកីឡាហាប់គីដូ ថាត្រូវតែយកកីឡាមកចិញ្ចឹមកីឡា

មាស សុផាណារ៉ុង March 25, 2019


 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូ បានប្រាប់ទៅសមាជិកប្រតិបត្តិ និងមន្ត្រីហាប់គីដូរបស់លោក ឲ្យបង្កើតនូវគំនិតយកកីឡាមកចិញ្ចឹមកីឡា។ លោកថ្លែងបែបនេះនៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នាល្ងាចថ្ងៃទី២៣ ខែមីនា។

លោកបានប្រាប់ពីបទពិសោធន៍របស់លោកក្នុងវិស័យកីឡាប្រាប់ទៅអង្គសន្និបាតថា លោកធ្វើកីឡាតាំងពីបាតដៃទទេ ពេលនេះកីឡាមានការរីកចម្រើនហើយហេតុនេះយើងត្រូវបង្កើតទីផ្សារកីឡាដើម្បីរកកម្រៃចិញ្ចឹមកីឡាវិញ។ ហាប់គីដូ (Hapkido) ជាប្រភេទកីឡាប្រយុទ្ធមិនអូឡាំពិកដែលសព្វថ្ងៃនេះនៅកម្ពុជាមិនទាន់មាន ការប្រកួតជើងឯកជាតិ ហើយការប្រកួតក្នុងកម្រិតតំបន់ ទ្វីប និងពិភពលោក ក៏មិនទាន់មានដែរ។

កីឡាមួយនេះមានចរឹកកាចបន្តិច ព្រោះស្នៀតវាយនានាគឺ កាច់បំបាក់ បោក មានចរឹកវាយប្រហារ និងការពារ។ ចរឹកនៃកីឡាមួយនេះលំបាកនឹងធ្វើការប្រកួតជើងឯកជាតិណាស់។ ទោះបីយ៉ាងណាក៏អង្គមហាសន្និបាតបានឯកភាពគ្នាស្វែងរកការគាំទ្រពីសប្បុរសជនដើម្បីរៀបចំការប្រកួតពានរង្វាន់ បណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល កំណត់ពីវិញ្ញាសាដែលត្រូវប្រកួត ឈ្មោះនៃព្រឹត្តិការណ៍ ប្រកួត។

ប្រមុខកីឡាហាប់គីដូរូបនេះបានសំណូមពរឲ្យធ្វើការកែទម្រង់ក្នុងសហព័ន្ធ គឺត្រូវលើកទឹកចិត្តដល់ក្មេងៗដែល មានសមត្ថភាពឲ្យជួយធ្វើការងាររដ្ឋបាល ហិរញ្ញវត្ថុ និងទីផ្សារ។ គ្រូបង្វឹករបស់សហព័ន្ធគឺជាគ្រូបង្វឹកដែលមាន សមត្ថភាព ទោះជាកម្រិតខ្សែក្រវាត់ណាក៏សុទ្ធតែមានការទទួលស្គាល់ពីសហព័ន្ធទាំងអស់។ ហេតុនេះគ្រូដែលមានសមត្ថភាពទាំងអស់ត្រូវតែបង្វឹកដោយយកកម្រៃទាបដើម្បីឲ្យយុវជន និង ក្មេងៗមានសមត្ថភាពចំណាយលុយ សម្រាប់ការហ្វឹកហាត់នេះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ – Cambodian Hapkido Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់