ថវិកាចំនួន ៤៧៥.៣០០.០០០រៀល ត្រូវបានប្រគល់ជូនជ័យលាភី ២ប្រភេទកីឡា

មាស សុផាណារ៉ុង March 21, 2019


 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់រង្វាន់ចំនួន ៤៧៥.៣០០.០០០រៀល ដល់កីឡាចំនួន ២ប្រភេទ ដែលដណ្ដើមបានមេដាយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២១ ខែមីនា  នេះ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់នេះ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ប្រភេទកីឡាវ៉ូវីណាម ដណ្ដើមបានមេដាយមាសចំនួន៦គ្រឿងមេដាយប្រាក់ចំនួន៦គ្រឿង និងសំរិទ្ធ១៤គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី៧ ដល់១២ ខែសីហា ឆ្នាំ២០១៨។

សូមបញ្ជាក់ថានៅក្នុងការប្រកួតនោះ កម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្នុងតំបន់។ ចំពោះប្រភេទកីឡាគុនដាវ វិញដណ្ដើមបានមេដាយសំរិទ្ធចំនួន៣គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

លោក ស សុខា បានមានប្រសាសន៍ថាកាលណាយើងឈ្នះមេដាយមាសកាន់តែច្រើននោះសត្រូវរបស់យើងក៏កាន់តែច្រើនដែរ ហេតុយើងមិនត្រូវកើតមានជម្ងឺតួឯកឡើយ។ កីឡាបើមានជម្ងឺតួឯកនោះសិទ្ធិផលរបស់ខ្លួននឹងត្រូវស្រុតចុះ។ ពេលបានមេដាយយើងត្រូវតែបង្កើនការហ្វឹកហាត់ដើម្បីរក្សាតំណែងរបស់យើងឲ្យបានតទៅទៀត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់