ប្រមុខតេក្វាន់ដូអាយធីអេហ្វ កម្ពុជា បង្ហាញមហិច្ឆតាចង់ធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍លើកទី២

មាស សុផាណារ៉ុង March 19, 2019


 

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជា លោក កែវ រ៉េមី បានបង្ហាញពីឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតតេក្វាន់ដូ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា។

សហព័ន្ធតេក្វាន់ដូ អាយធីអេហ្វ ដែលមានលោក កែវ រ៉េមី ជាប្រធានសហព័ន្ធតំបន់អាស៊ីអាគ្នេយ៍ផងនោះបានរៀបចំជើងឯកប្រចាំតំបន់ លើកទី១ ម្ដងហើយដែលកាលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះជាលើកទី២ ប្រសិនបើមានការឯកភាពពីរាជរដ្ឋាភិបាលនោះ។

សម្រាប់ឆ្នាំនេះតេក្វាន់ដូ អាយធីអេហ្វ កម្ពុជានឹងទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដែលព្រឹត្តិការណ៍នេះនឹងធ្វើឲ្យកម្ពុជាកាន់តែមានឱកាសសម្រួចសមត្ថភាពរបស់ខ្លួនសម្រាប់ការប្រកួតជើងឯកថ្នាក់តំបន់នាឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្នុងឱកាសដែលសហព័ន្ធតេក្វាន់ដូ អាយធីអេហ្វអាស៊ាន បង្កើតជាលើកដំបូងនោះសមាជិកទាំងអស់បានឯកភាពគ្នារៀបចំការប្រកួតថ្នាក់តំបន់ជាលើកដំបូងដែលការប្រកួតមាន ១៨វិញ្ញាសាដែលដាក់ឲ្យប្រកួតនោះកម្ពុជាដណ្ដើមយកមេដាយមាសបានទាំងអស់តែម្ដង។ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាឯកភាពឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ទៀតនោះកម្ពុជានឹងបង្ហាញពីភាពខ្លាំងរបស់ខ្លួនសម្រាប់កម្រិតតំបន់ឲ្យបានបន្តទៀត។

លោក កែវ រ៉ាមី បានបង្ហើបថាលោកអគ្គនាយកកីឡា អ៊ុក សិទ្ធិជាតិ បានស្វាគមន៍ចំពោះកម្ពុជាដែលចង់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ៕

 

រូបភាព៖ សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់