តេក្វាន់ដូ ITF ធ្វើតេស្តជ្រើសរើសកីឡាជម្រើសជាតិ និងតម្លើងខ្សែក្រវាត់

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វ ITF កម្ពុជា បានចំណាយពេលមួយព្រឹកថ្ងៃទី១៥ ខែមីនា ដើម្បីធ្វើតេស្តជ្រើសរើស កីឡាករ-កីឡាការិនី ជម្រើសជាតិ និងតម្លើងខ្សែក្រវាត់ដល់កីឡាករ គ្រូបង្វឹក និងអតីតកីឡាករតេក្វាន់ដូអាយធីអេហ្វ។

ការធ្វើតេស្តនេះស្ថិតក្រោមការត្រួតពិនិត្យរបស់លោក កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វ កម្ពុជា និងស្ថិតក្រោមការផ្ដល់ពិន្ទុយ៉ាងតឹងតែងពីលោកគ្រូធំជនជាតិកូរេខាងជើង គឺលោក គ្រូ Re Chol Nam (Master Re Chol Nam) លោក ប៊ួន ហ៊ីងសុធីយ៉ា និងលោក ហ៊ឹម រីដា។

មានកីឡាករ-កីឡាការិនី ចំនួន៣០រូប បានចូលរួមប្រឡងឡើងខ្សែក្រវាត់ដែលក្នុងនោះមានការប្រឡងពីខ្សែក្រវាត់ក្រហមឡើងខ្មៅ ពីខ្មៅ១ដាន់ឡើង២ដាន់ ពី២ដាន់ឡើង៣ដាន់ ពី៣ដាន់ឡើង៤ដាន់ និងពី៤ដាន់ឡើង៥ដាន់។ រីឯការចូលរួមធ្វើតេស្តដើម្បីប្រជែងយកកកៅអីជម្រើសជាតិ ដែលមាន៩កៅអីនោះគឺបើកទូលាយទាំងកីឡាករចាស់ និងថ្មី។ ការធ្វើតេស្តនោះមានការប្រឡងមេគុន ការប្រកួតវិញ្ញាសាប្រយុទ្ធ និងការធ្វើតេស្តកម្លាំង។

លោក កែវ រ៉េមី មានប្រសាសន៍ថាបានជាលោកបើកទូលាយឲ្យកីឡាករចាស់ដែលធ្លាប់ជាប់ជម្រើសជាតិ និងកីឡាករថ្មីនោះគឺជាការផ្ដល់ឱកាសឲ្យកីឡាករថ្មីៗ ពិសេសធ្វើឲ្យកីឡាករ-កីឡាការិនីចាស់ៗកុំឲ្យកើតមានជម្ងឺតួឯក រហូតលែងហាត់ ឬខ្ជីរខ្ជារក្នុងការហាត់។ លទ្ធផលនៃការធ្វើតេស្ត និងប្រឡងតម្លើងខ្សែក្រវាត់មិនត្រូវបានប្រកាសភ្លាមៗនោះទេព្រោះលោកគ្រូធំ Re Chol Nam ត្រូវយកទៅត្រួតពិនិត្យឲ្យបានច្បាស់លាស់។

ទោះជាយ៉ាងណាក៏លោក កែវ រ៉េមី បានបន្ទោសភ្លាមៗចំ កីឡាករ-កីឡាការិនី ទាំងខ្សែក្រវាត់ពណ៌ ទាំងខ្សែក្រវាត់ខ្មៅ ហាក់ដូចជាមានការស្រុតចុះទាំងកម្លាំងទាំងបច្ចេកទេស លោកបានទាមទារឲ្យកីឡាករ-កីឡាការិនី ទាំងអស់ត្រូវតែពង្រឹងខ្លួនឡើងវិញទាំងកម្លាំង និងបច្ចេកទេស៕

 

រូបភាព៖ សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់