ពិធីបុណ្យទន្លេលើកទី៥ បានចាប់ផ្ដើម នៅខេត្តកំពង់ឆ្នាំង

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ ពិធីបុណ្យទន្លេបានចាប់ផ្ដើមហើយនៅថ្ងៃទី១៥ មីនា នេះនាខេត្តកំពង់ឆ្នាំង ហើយកាលពីរសៀលថ្ងៃទី១៤ ខែមីនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីក្រុងពាលីតាមប្រពៃណីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាក្រៅពីកម្មវិធីសិល្បៈ ដែលមានអ្នកចម្រៀងល្បីៗចូលរួមនោះក៏មានព្រឹត្តិការណ៍កីឡាជាច្រើនពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍កីឡាបែបប្រពៃណីដែលពាក់ព័ន្ធជាមួយនឹងខេត្តកំពង់ឆ្នាំង និងប្រភេទកីឡាប្រពៃណីរបស់ខេត្តនេះតែម្ដង។

លោកបានបន្តថាកីឡាប្រមាណជាង១០ប្រភេទ ត្រូវបានដាក់ទៅក្នុងកម្មវិធីបុណ្យសមុទ្រ។

សម្រាប់កីឡាប្រពៃណីរបស់ខេត្តកំពង់ឆ្នាំងគឺចំបាប់បូរាណ។ គ្រូចំបាប់បូរាណធំៗគឺនៅខេត្តកំពង់ឆ្នាំង ពួកគាត់បានបន្តប្រពៃណីចំបាប់បូរាណនេះដល់កូន ដល់ចៅរបស់គាត់ហេតុនេះទើបគណៈកម្មការបុណ្យទន្លេរៀបចំឲ្យមានការប្រកួតចំបាប់បូរាណនោះ។ ប្រភេទកីឡាបាល់ទាត់ក៏ពេញនិយមនៅខេត្តកំពង់ឆ្នាំងដែរ។ ស្រុកនីមួយៗសុទ្ធតែមានក្រុមបាល់ទាត់មិនតែប៉ុណ្ណោះនៅមានការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ថ្នាក់ស្រុកទៀតផង។ កីឡាប្រណាំងទូកក៏ពេញនិយមនៅខេត្ត កំពង់ឆ្នាំងដែរតែក្នុងពិធីបុណ្យទន្លេឆ្នាំនេះកីឡាប្រណាំងទូកមានទូកមកពីខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាល មកចូលរួមដែរ។

ក្រៅពីនេះមានការប្រកួតប្រដាល់គុនខ្មែររយៈពេល២ថ្ងៃ ការប្រកួតទាញព្រ័ត្រ ការប្រកួតបាល់ទះ ការប្រកួត កីឡាវាយសី ការរត់កំសាន្ដចម្ងាយ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដែលពេលនេះមានអ្នកចូលរួមរត់ចំនួនជាង ២.០០០ នាក់ និងកីឡាជិះកង់កំសាន្ដដែលមានអ្នកចូលរួមជិះជាង៥០០នាក់៕

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់