ឆ្នោតកីឡាជាតិ ពង្រីកសាខាបន្ថែមដើម្បីប្រមូលថវិកាមកអភិវឌ្ឍន៍វិស័យកីឡាជាតិ

មាស សុផាណារ៉ុង March 14, 2019


ខេត្តកំពង់ឆ្នាំង៖ នេះជាខេត្តទី៦ហើយ ដែលក្រុមហ៊ុនឆ្នោតកីឡាជាតិ បានបើកពង្រីកសាខាបន្ថែមក្នុងទិសដៅចូលរួមចំណែកស្វែករកមូលនិធិលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យកីឡាជាតិ ជាពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងគឺជាខេត្តទី៦ ហើយ ដែលក្រុមហ៊ុនឆ្នោតកីឡាជាតិ បានសម្ពោធសាខារបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមលេងឆ្នោតស្របច្បាប់។ លោកបន្ដថា៖ «ចាប់ពីឆ្នាំ២០១៩ ទៅ NOCC បានប្ដេជ្ញាជាមួយក្រុមហ៊ុនឆ្នោតកីឡាជាតិ នឹងសហការជាមួយអាជ្ញាធរគ្រប់ខេត្ត ដើម្បីផ្សព្វផ្សាយអំពីការលេងឆ្នោតផ្សងសំណាងជាមួយឆ្នោតកីឡាជាតិ ព្រោះឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនមួយ ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ឲ្យធ្វើអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណេញមួយផ្នែកមកទ្រទ្រង់ដំណើរត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រឆ្នោតកីឡាជាតិទាំងអស់គ្នា ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យកីឡាជាតិទាំងអស់គ្នា។»

គួបញ្ជាក់ផងដែរថា ពិធីសម្ពោធសាខាប្រចាំខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាច្រើនទៀត៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់