ប្រមុខកីឡា៖ កីឡាករ-កីឡាការិនីម្នាក់មានសិទ្ធិជ្រើសរើសប្រភេទកីឡាតែ១មុខគត់ដើម្បីលេង

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ឲ្យដឹងថា កីឡាករ-កីឡាការិនី គ្រប់ប្រភេទទាំងអស់ក្នុងមួយនាក់ អនុញ្ញាតឲ្យលេងតែមួយប្រភេទកីឡា ហើយបើប្រភេទកីឡាតែមួយអាចលេងបាន២ ឬ៣ វិញ្ញាសារតាមលក្ខខណ្ឌបច្ចេកទេសកំណត់។

លោកបានបន្តថា សហព័ន្ធកីឡាជាតិត្រូវអនុវត្តឲ្យបាននូវគោលការ “កីឡាករម្នាក់ជំនាញពិសេសមួយ” ក្នុងនោះសហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ-កីឡាការិនី ត្រូវរៀបចំតម្រង់ទិសជំនាញដោយកីឡាករ ឬកីឡាការិនី ម្នាក់ត្រូវជ្រើសរើសប្រភេទកីឡាតែ១មុខ វិញ្ញាសាតែមួយគត់។ កីឡាករ-កីឡាការិនីម្នាក់ៗត្រូវកំណត់ដុសខាត់ សម្រួចឯកទេសជំនាញ នៃទេពកោសល្យបច្ចេកទេសណា១ ឬក្នុងតួនាទីបច្ចេកទេសប្រចាំក្រុមឲ្យបានគត់មុត។ ការសម្រួចឯកទេសបែបនេះគឺដើម្បីក្ដីសង្ឃឹមនៃការដណ្ដើមមេដាយ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

ដោយឡែក លោក ថោង ខុន ប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ដើម្បីអភិវឌ្ឍកីឡាកម្រឹតខ្ពស់ឲ្យមានប្រសិទ្ធភាពនោះគឺត្រូវឈរលើទ្រឹស្ដីវិទ្យាសាស្ដ្រកីឡា ដែលទាមទារឲ្យតែមានសកម្មភាពជាប្រចាំក្នុងការហាត់ហ្វឹកហ្វឺន និងចូលរួមប្រកួតឲ្យបានច្រើន។ ក្នុងការហាត់ហ្វឹកហ្វឺនគឺត្រូវមានមូលដ្ឋានហ្វឹកហាត់លើគុណភាពកម្លាំងកាយបច្ចេកទេសស្មារតីដោយមាន សាល ឧបករណ៍សម្ភារៈ បង្កើនគុណភាពកម្លាំងកាយគ្រប់គ្រាន់ គ្រូបង្វឹកមានគុណភាព មានបទពិសោធន៍ខ្ពស់ មានគ្រូជំនាញចិត្តសាស្ដ្រ ធ្វើលំហាត់ចិត្តសាស្ដ្របានត្រឹមត្រូវ មានពេទ្យព្យាបាលទាន់ពេលវេលា មានអាហារូបត្ថម្ភគ្រប់គ្រាន់ ការស្នាក់នៅសមរម្យ និងមានវិន័យម៉ត់ចត់ល្អ។

លោក ថោង ខុន បានលើកឡើងថាកន្លងមកមានកីឡាករ-កីឡាការិនី ខ្លះហ្វឹកហាត់ និងចូលរួមប្រកួត២ ឬ៣ប្រភេទកីឡាផ្សេងៗគ្នា។ ម្យ៉ាងទៀត កីឡាករ-កីឡាការិនី ខ្លះចាប់យកវិញ្ញាសារច្រើន ច្របូកច្របល់គ្នាពេលខ្លះត្រូវផ្លាស់ប្ដូរវិញ្ញាសារហ្វឹកហាត់ជាច្រើនដង ឬប្ដូរមុខងារក្នុងក្រុមច្រើនដងដែល ធ្វើបែបនេះមិនអាចរក្សាបាននូវនិរន្ដភាពជំនាញ និងពន្លឿនគុណផលកីឡាបាននោះឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់