ខ្សែភាពយន្ដកីឡាខ្នាតធំទី១របស់កម្ពុជា រឿង «បោកចំបាប់» ត្រូវបានសម្ពោធជាផ្លូវការយប់មិញ

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ ខ្សែភាពយន្ដខ្នាតវែងរឿង «បោកចំបាប់» ស្ដីពីជីវិតពិតរបស់កីឡាការិនីចំបាប់កម្ពុជា នី សំណាង ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី១២ ខែមីនា ដើម្បីដាក់បញ្ចាំងជូនទស្សនិកជនទស្សនាហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ។ បើតាមការអះអាងពី លោក វ៉ាត់ ចំរើន នោះថានេះជាជីវិតពិតរបស់កីឡាការិនីចំបាប់ នី សំណាង ដែលបន្តមរតកចំបាប់ពីឧ៍ពុករបស់ខ្លួនរហូតបានក្លាយជាកីឡាការិនីជម្រើសជាតិហើយចុងក្រោយដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេមទៀតផង។

លោកបន្តថាឧ៍ពុកបង្កើតរបស់ នី សំណាង គឺជាកីឡាករចំបាប់ជម្រើសជាតិមួយរូបកាលពីទសវត្សឆ្នាំ១៩៦០ ហើយលោកមានមហិច្ឆតារឲ្យកូនរបស់គាត់បន្តអាជីពចំបាប់ពីគាត់តែជាអកុសលគាត់មានតែកូនស្រីតែទីបំផុតកូនស្រីពៅ របស់គាត់គឺកីឡាការិនី នី សំណាង បានក្លាយជាអ្នកបន្តមរតកគ្រួសារបានដោយជោគជ័យ។ សព្វថ្ងៃនេះកីឡាការិនី នី សំណាង មានស្វាមីហើយគឺកីឡាករជម្រើសជាតិចំបាប់ ងួន មករា មិនតែប៉ុណ្ណោះនាងមានទម្ងន់បុត្រមួយរូបនៅក្នុងផ្ទៃទៀតផង។ ក្នុងរឿងនេះអ្នកសម្តែងគឺជាអ្នកកីឡា និងអ្នកសារព័ត៌មាន ពោលគឺសុទ្ធតែអ្នកមិនមានអាជីពជាអ្នកសិល្បៈឡើយ។

សូមបញ្ជាក់ថា ខ្សែភាពយន្ដនេះកើតឡើងដោយការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយអ្នកផលិតភាពយន្ដដ៏ល្បីមកពីប្រទេសឥណ្ឌា និងជាប្រភេទភាពយន្ដខ្នាតវែងដែលមានរយៈពេល២ម៉ោង ដោយចំណាយថវិកាផលិតអស់ប្រមាណជាង ៣០០.០០០ដុល្លារអាមេរិក ដោយភាគីឥណ្ឌាជាអ្នកចំណាយតែម្តង។

លោក វ៉ាត់ ចំរើន បានបន្តថាភាពយន្ដដែលផលិតអស់លុយច្រើនបែបនេះមុននឹងយកមកដាក់បញ្ចាំងគឺបាន យកទៅប្រឡងប្រជែងក្នុងមហោស្រពភាពយន្ដអន្តរជាតិចំនួន៥ផងដែរ។ ជាលទ្ធផលខ្សែភាពភាពយន្ដនេះបានទទួលពានរង្វាន់ចំនួន៥ ពីការប្រឡងប្រជែងក្នុងទិវាមហោស្រពភាពអន្តរជាតិចំនួន៥ ដែលក្នុងនោះមាននៅឥណ្ឌា កេនយ៉ា អាមេរិក និងនៅអឺរុប។

ជាងនេះទៅទៀត ភាពយន្ដកីឡាមួយនេះក៏បានទទួលការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជាពិសេស លោក Munish Sharma ដែលជាផលិតករដ៏សំខាន់ក្នុងការផលិតរឿងនេះបានអះអាងថា ប្រសិនបើបានរួចថ្លៃដើមលោកគិតថាគឺចំណេញហើយ តែបើបានលើសពីនេះនោះលោកនឹងយកទៅជួយដល់ចំបាប់កម្ពុជា អ្នកចូលរួមក្នុងការផលិតភាពយន្ដនេះ និងជួយដល់ការងារមនុស្សធម៌ជាដើម។ លោកបានបន្តថាបន្ទាប់ពីចំណាយពេល២ខែបញ្ចាំងនៅកម្ពុជាហើយនោះភាពយន្ដនេះនឹងយកទៅបញ្ចាំងនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជាឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបូរី និងម៉ាឡេស៊ី បន្ទាប់មកលោកនឹងយកទៅបញ្ចាំងនៅអាមេរិក និងអឺរុបជាបន្តទៀត៕

ទស្សនាវីដេអូ Trailer ខាងក្រោម៖

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់