កីឡាករកាយវប្បកម្មជើងចាស់ សំបូរ នន់ និង ណុំ សុបិន្ត ប្រកាសលែងប្រកួតតំណាងជាតិកម្ពុជាហើយ!

នូ មករា March 12, 2019


ភ្នំពេញ៖ បន្ទាប់ពីបញ្ហាប្រាក់រង្វាន់មេដាយកម្រិតពិភពលោករបស់កីឡាករ សំបូរ សុភ័ណ្ឌ មិនទាន់មានដំណោះស្រាយទៅតាមការទាមទាររបស់សាមីខ្លួន ក៏ដូចជាទៅតាមសំណើរបស់ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនោះ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ កីឡាករជើងចាស់ ២រូបគឺ សំបូរ នន់ និង ណុំ សុបិន្ត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា អ្នកទាំង ២នឹងលាឈប់ពីអាជីពជាកីឡាករកាយវប្បកម្មហើយមិនតែប៉ុណ្ណោះពួកគេក៏បានបញ្ជាក់ដែរថានឹង “ឈប់ប្រកួតជាកីឡាករតំណាងជាតិទៀតហើយ” ខណៈដែល កីឡាករ សំបូរ នន់ បានអះអាងថា នេះក៏ព្រោះតែ “ក្រសួងអប់រំយុវជន និងកីឡាមិនបានឱ្យតម្លៃដល់កីឡាមួយនេះសូម្បីតែបន្តិច”

សូមបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កីឡាករ សំបូរ នន់ ដែលធ្លាប់ប្រកួតតំណាងជាតិកម្ពុជាតាំងតែពីឆ្នាំ២០១២ មកនោះ បានសរសេរថា៖ ” ខ្ញុំបាទសំបូរ នន់ជាអ្នកកីឡាកាយវប្បកតំណាងជាតិតាំងតែពីរឆ្នាំ2012រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំក៏សូមប្រកាស់ជាសាធារណះថាខ្ញុំឈប់ប្រកួតជាកីឡាករតំណាងជាតិទៀតហើយ ពីរព្រោះក្រសួងអបរំយុវជននិងកីឡាមិនបានអោយតំលៃដល់កីឡាមួយនេះសូម្បីតែបន្ទិច អគុណបងប្អូនដែលបានគ្រាំទ្រខ្ញុំបាទរហូតមក” – (ខ្លឹមសារដើមទាំងស្រុង)

ចំណែកឯកីឡាករ ណុំ សុបិន្ត ក៏បានប្រកាសដែរថា៖ “ខ្ញុំបាទ ណុំ សុបិន្ត ( Ra James ) ជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្មសូមប្រកាសជាសាធារណះថា ខ្ញុំសុំបញ្ចប់នូវអជីពមួយនេះ ហើយនិងមិនចូលរួមប្រកួតតំណាងជាតិទៀតនោះទេ។ សូមមេត្តាជួយចែករំលែកផង សូមអគុណ!” – (ខ្លឹមសារដើមទាំងស្រុង)។

ទន្ទឹមនឹងនេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ផ្ទាល់ក៏បានប្រកាសដែរថា ខ្លួននឹងផ្អាករាល់ការចូលរួមប្រកួតទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (មានពី ៨-១០ប្រទេសចូលរួម) កម្រិតទ្វីបអាស៊ី (មានពី ៣០-៣២ ប្រទេសចូលរួម) និងពិភពលោក (មានពី ៤៥-៥២ប្រទេសចូលរួម) មួយរយៈសិនដោយរង់ចាំការដោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាជាមុនសិនចំពោះបញ្ហាប្រាក់រង្វាន់សម្រាប់ជ័យលាភីនេះ៕

អត្ថបទ៖ មករា

មតិយោបល់