សហព័ន្ធកាយវប្បកម្ម ប្រកាសផ្អាកចូលរួមការប្រកួតធំៗរហូតទទួលបានដំណោះស្រាយសមស្រប!

នូ មករា March 12, 2019


ភ្នំពេញ៖ បន្ទាប់ពីមិនទាន់ទទួលបានដំណោះស្រាយសមកស្របតាមការទាមទាររបស់ខ្លួននោះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានចេញសេចក្តីប្រកាសព័ត៌មានជាលើកទី២ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានបង្ហាញការ “មិនអាចទទួលយកបានចំពោះការបកស្រាយរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា” ចំពោះការលើកឡើងថា មេដាយមាសពិភពលោកដែលកីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃជាមេដាយមិនពេញលេញនោះ។

ជាមួយគ្នានេះ សេចក្តីប្រកាសខាងលើក៏បានសង្កត់ធ្ងន់ថា៖ “ការបកស្រាយរបស់ឯកឧត្តម ស្តាប់មើលទៅហាក់ដូចជាឯកឧត្តម មិនបានសិក្សាអោយគ្រប់ជ្រុងជ្រោយពីរបៀបនៃការប្រកួតរបស់កីឡាកាយវប្បកម្ម នឹងធ្វើការតាមអារម្មណ៍នឹកឃើញរបស់បុគ្គលខ្លួនឯង មិនយល់ពីរបៀបអោយពិន្ទុ ហើយហ៊ានវាយតំលៃមេដាយមាសពិភពលោក ដែលយើងទទួលបានថាមិនពេញលេញ ចុះហេតុអ្វីបានប្រទេស៥០ផ្សេងទៀតគេអោយតំលៃ បែជាក្រសួងអប់រំកម្ពុជាយើង វាយតំលៃថាមេដាយរបស់យើងមានលក្ខណៈមិនពេញលេញ ហើយទៅជាយកកីឡាមួយទៅប្រៀបធៀបជាមួយកីឡាមួយទៀត ពិតណាស់កីឡាប្រភេទនីមួយៗ ពួកគាត់មានផលពិបាករៀងៗខ្លួន បើមិនដូច្នោះទេ គ្រប់គ្នាបានជើងឯកគ្រប់គ្នាហើយ ដែលហៅថាម្ចាស់ពានឯក នោះគាត់តែម្នាក់ឯង។” – (សំណេរទាំងស្រុងពីប្រភពដើម)។

បន្ថែមពីលើនេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏បានប្រកាសដែរថា ខ្លួននឹងផ្អាករាល់ការចូលរួមប្រកួតទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (មានពី ៨-១០ប្រទេសចូលរួម) កម្រិតទ្វីបអាស៊ី (មានពី ៣០-៣២ ប្រទេសចូលរួម) និងពិភពលោក (មានពី ៤៥-៥២ប្រទេសចូលរួម) មួយរយៈសិនដោយរង់ចាំការដោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាជាមុនសិនចំពោះបញ្ហាប្រាក់រង្វាន់សម្រាប់ជ័យលាភីនេះ៕

អត្ថបទ៖ មករា
(សម្រាប់ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន សូមចុុចត្រង់នេះ)

មតិយោបល់