កីឡាករហែលទឹកវ័យក្មេង ៣រូបដែលហ្វឹកហាត់នៅជប៉ុនកំពុងមានការរីកចម្រើនខ្លាំង

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ កីឡាករថ្នាលរបស់កម្ពុជា ចំនួន៣រូប ដែលកំពុងតែហ្វឹកហាត់នៅប្រទេសជប៉ុននោះកំពុងតែមានការ រីកចម្រើនខ្លាំងណាស់នេះបើតាមការអះអាងពីលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។ នេះជាលើកដំបូងហើយដែលសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនកីឡាករឲ្យទៅហ្វឹកហាត់រយៈពេលយូនៅឯក្រៅប្រទេស។

កីឡាករថ្នាលរបស់កម្ពុជា ចំនួន៣រូបនោះត្រូវហ្វឹកហាត់ទីនោះរយៈពេល៦ខែ។ កីឡាករវ័យក្មេងទាំង៣រូបនេះ គឺជាអត្តពលិកត្រៀមកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះ និងកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០១២ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

កីឡាករទាំង៣រូបនោះគឺ ឆោម ច័ន្ទថន កីឡាករ អ៊ួង លីហេង និងកីឡាករ ឌឿន វ៉ាត់ធីឌុន និងអមដោយគ្រូបង្វឹកកម្ពុជាមួយរូបគឺ លោក ហែមថុន ពន្លឺ ទៅជាមួយ។

លោកអគ្គលេខាធិការអះអាងថាពេលនេះយុវជនថ្នាលទាំង៣រូបនេះ ទើបតែហ្វឹកហាត់រយៈពេលខ្លីប៉ុណ្ណោះតែមានការប្រែប្រួលរីកចម្រើនច្រើន។ នៅប្រទេសជប៉ុនគេត្រូវហ្វឹកហាត់មួយថ្ងៃ១០ម៉ោង គឺពេលព្រឹកហាត់៤ម៉ោង និងល្ងាចហាត់ រយៈពេល៦ម៉ោង។ ពេលវេលាហ្វឹកហាត់នឹងត្រូវបង្កើនរហូតជាង១០ម៉ោង នៅពេលដែលពួកគេមានភាពស៊ាំជាមួយ នឹងរយៈពេល១០ម៉ោងនេះ។ អ្វីដែលជាលក្ខណៈពិសេសនោះគឺពួកគេទ្រាំទ្របានជាមួយនឹងកម្មវិធីហ្វឹកហាត់ដ៏តឹងតែងនេះ។ កីឡាករទាំង ៣រូបនេះហ្វឹកហាត់ទាំងបច្ចេកទេស ហ្វឹកហាត់កម្លាំង ហ្វឹកហាត់ដង្ហើម៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់