ម៉ារ៉ាតុងខេត្តព្រះសីហនុ ត្រូវបានផ្អាកក្រោយអស់អ្នកឧបត្ថម្ភ និងស្ថានភាពមិនអំណោយផល

នូ មករា March 11, 2019


ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមរត់លេងកម្សាន្តដ៏ច្រើនលើសលុបនៅក្នុងខេត្តព្រះសីហនុ និងបានដំណើរការជាង ៧ឆ្នាំហើយនោះត្រូវបានផ្អាកហើយនៅក្នុងឆ្នាំ ២០១៩នេះ ដោយសារតែខ្វះដៃគូឧបត្ថម្ភ ហើយបរិយាកាសខេត្តព្រះសីហនុមិនសូវមានភាពអំណោយផល។

នាយកបច្ចេកទេសរៀបចំការប្រកួតម៉ារ៉ាតុងរបស់ NOCC លោក សែម ផល្លា បានឱ្យដឹងថា៖ «បញ្ហាខ្វះដៃគូឧបត្ថម្ភគាំទ្រថវិកាគឺវាសំខាន់ណាស់ ដែលយើងគិតថាជាបញ្ហាធំចម្បងព្រោះការចំណាយជាទូទៅ និងទាំងស្រុងក្នុងកម្មវិធីរត់ប្រណាំងលក្ខណៈអន្តរជាតិនេះគឺមួយលើកអស់ជិត ៤ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយរយៈពេល ៧ ឆ្នាំកន្លងមកនេះយើងទទួលបានពីក្រុមហ៊ុនស្រាបៀរអង្គរ ប៉ុន្តែឆ្នាំនេះគេដកខ្លួនចេញបាត់ទៅហើយ»។



លោកបានបន្ថែមថា៖ «បើនិយាយពីបច្ចេកទេសវិញ ប្រសិនជាយើងរកស្ពនស័របានក៏មានការលំបាកខ្លះដែរ ដោយសារខេត្តព្រះសីហនុបច្ចុប្បន្នជាខេត្តមួយកំពុងតែមមាញឹកក្នុងការសាងសង់សំណង់ជាច្រើន និងកំពុងជួសជុលផ្លូវដែលមានបរិស្ថានមិនសូវល្អ មានហុយធូលីច្រើនអាចប៉ះពាល់ដល់ភ្ញៀវរាប់ពាន់នាក់មកពីច្រើនប្រទេសអ៊ីចឹងយើងបានបង្វែរអ្នកចុះឈ្មោះរត់ទាំងនេះមកព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈប្រហែលគ្នានេះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប៉ុន្តែយើងនឹងស្វែងរកដៃគូដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យបានវិញនៅឆ្នាំក្រោយ»


ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា៖ «ព្រឹត្តិការណ៍កីឡាមហាជន និងទេសចរណ៍មួយនេះពិតជាត្រូវផ្អាកមែន ព្រោះដៃគូឧបត្ថម្ភរបស់យើងគឺក្រុមហ៊ុនស្រាបៀរអង្គរបានផ្តាច់ទាំងស្រុង ហើយយើងកំពុងតែស្វះស្វែងរកដៃគូបន្តទៀតដើម្បីបានចាប់ផ្តើមឡើងវិញនៅឆ្នាំក្រោយ»

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់