សហព័ន្ធកីឡាវូស៊ូ នៅតែមិនទាន់មានសុពលភាព ខណៈការរួមរួបគ្នាហាក់បន្តជាប់គាំង

នូ មករា March 11, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាវូស៊ូកម្ពុជាបានធ្វើមហាសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈដើម្បីស្ដារឡើងវិញនូវសុពលភាពរបស់ខ្លួនដែលត្រូវរលត់អស់ទៅហើយនោះ។ មហាសន្និបាតនោះបានបង្កើនសមាជិកប្រតិបត្តិរហូតដល់ទៅ ២១រូបក្នុងគោលបំណងពន្លត់ភ្លើងវិវាទរបស់ខ្លួនឲ្យខាងតែបាន ប៉ុន្តែមកទល់ពេលនេះនៅតែមានការរិះគន់ថាអ្វីៗនៅរក្សាដដែលក្នុងនោះសមាជិកប្រតិបត្តិចាស់ដែលមិនមានការពេញចិត្តពីក្លិបនិងសមាគមនានាហើយធ្លាប់ត្រូវបានស្នើសុំឲ្យមានការផ្លាស់ប្ដូរបែរជាបន្តមានវត្តមានដដែល។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលចូលរួមធ្វើជាសាក្សីក្នុងមហាសន្និបាតនោះបានប្រាប់បណ្ដាញព័ត៌មានថា លោកឧត្តមសេនីយ៍ឯក វ៉ា ឈូដា នៅតែទទួលបានការពេញចិត្តគាំទ្រឲ្យធ្វើជាប្រធានសហព័ន្ធដដែល ប៉ុន្តែសម្លេងភាគច្រើនមិនពេញចិត្តចំពោះ លោក ម៉ៅ ចន្ថាវុធ ដែលជាអគ្គលេខាធិការសហព័ន្ធ និងមានសមាជិកប្រតិបត្តិភាគច្រើនជាសាច់ឈាមរបស់គាត់នោះ។ ជាមួយគ្នានេះ ក៏មានស្នើសុំឱ្យមហាសន្និបាតរៀបចំដោយមានតម្លាភាពហើយបោះឆ្នោតដោយយុត្តិធម៌ផងដែរ។

លោកអនុរដ្ឋលេខាធិការបានបន្តថា លោកបានសុំឲ្យ លោក ម៉ៅ ចន្ថាវុធ ផ្ញើរបញ្ជីឈ្មោះសមាជិកប្រតិបត្តិមកឲ្យលោកពិនិត្យមើលព្រោះបើតាមព័ត៌មានដែលលោកបានទទួលនោះមានសមាជិកប្រតិបត្តិចាស់ខ្លះបន្លំប្ដូរឈ្មោះ ចំណែកឯខ្លះទៀតបន្លំលុបត្រកូលចេញក៏មាន ហើយបើពិតជាមានភាពមិនប្រក្រតីពិតមែន ក្រសួងអប់រំយុវជន និងកីឡាលំបាកនឹងទទួលស្គាល់ណាស់ ខណៈដែលឆ្នាំនេះជាឆ្នាំស៊ីហ្គេមហើយវូស៊ូក៏ជាប្រភេទកីឡាដែលមានសក្ដានុពលខ្លាំងគ្រាន់បើសម្រាប់កម្ពុជា។ ដូច្នេះ អ្វីៗត្រូវតែដោះស្រាយឲ្យបានចប់ដើម្បីបបួលគ្នាគិតពីការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនវិញ។

សម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវិញ លោកវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការបានអះអាងថា អូឡាំពិកមិនអាចផ្ដល់សុពលភាពឲ្យបានទេបើធ្វើមហាសន្និបាតបែបនេះ ទោះបីជា លោក ម៉ៅ ចន្ថាវុធ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានអះអាងថា អ្វីៗដូចជាបានចប់សព្វគ្រប់ហើយព្រោះលោកបានធ្វើអ្វីៗទៅតាមការទាមទាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាក៏ដោយចុះ។ លោកក៏បានឲ្យដឹងដែរថា គ្រូបង្វឹកកូរ៉េគឺលោក Kim Jin Kwon ដែលជា Grand Master ក៏បានប្រាប់ឲ្យភាគីជម្លោះទាំងអស់ត្រូវរួបរួមគ្នាដើម្បីធ្វើឲ្យសហព័ន្ធនេះដើរទៅមុខដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់