កីឡាខ្សោយបញ្ញា១០នាក់ ចូលរួមកីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក នៅប្រទេសអារ៉ាប់រួម

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី ខ្សោយបញ្ញា ចំនួន១០រូប រួមជាមន្រ្តីដឹកនាំ៦រូប បានចេញដំណើរឆ្ពោះទៅកាន់ ទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម ហើយកាលពីថ្ងៃទី៨ ខែមីនា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥ ( Special Olympics World Summer GAMES 15th ) នៅទីនោះ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការចេញចូលប្រកួតលើកនេះគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីស្ប៉េ ស្យាល់ចំនួន១០នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ លើ២ប្រភេទកីឡា គឺកីឡាអត្តពលកម្ម មានកីឡាករ-កីឡាការិនី ៨នាក់ និងកីឡាប៉េតង់-ប៊ូល ២នាក់ ព្រមទាំងគ្រូបង្វឹក៤នាក់ គ្រូពេទ្យ១នាក់ និងប្រធានប្រតិភូ លោក មាស សារិន អនុប្រធានអាចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥ ត្រូវបានរំពឹងថាមានអត្ថពលិក ប្រមាណ ៧ពាន់នាក់ចូលរួម មកពី ១៧០ប្រទេសទូទាំងពិភពលោក ប្រកួតលើ ២៤ប្រភេទកីឡា។

លោកបានបន្តថា សម្រាប់វិញ្ញាសាអត្តពលកម្មរួមមានរត់ចម្ងាយ២៥ម៉ែត្រ ៥០ម៉ែត្រ ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ ហើយការប្រកួតនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី២២ ខែមីនា។

​សូមបញ្ជាក់ថា ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា គឺជា​សកម្មភាព​កីឡា ​ដែល​ផ្តោត​ទៅលើ​ការ​អប់រំ​កាយ និង​សតិបញ្ញា​ឲ្យ​បាន​ដល់​ជនពិការ​សតិបញ្ញា​ទាំងក្មេង និង​ចាស់។ ​គណៈកម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា​ គឺជា​ស្ថាប័ន​កីឡា​ដ៏ធំ​មួយ​ដូច NOCC ដែល​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​ការលំបាក​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ហើយ​អ្នក​បម្រើ​ការងារ និង​គ្រូបង្វឹក នៅក្នុង​ស្ថាប័ន​នេះ ភាគច្រើន​ជា​អ្នកស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​៕

 

រូបភាព៖ Special Olympics Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់