គ្រូបង្វឹកបាល់ទឹកចំនួន២០រូប មាន៨៥ភាគរយ ទទួលលទ្ធផលល្អពីការសិក្សា

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក (Water Polo) ដែលចាប់ផ្ដើមពីថ្ងៃទី៥ បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី៧ ខែមីនា ដែលទទួលបានការជួយឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) មានសិក្ខាកាមចូលរៀនចំនួន២០រូប មកពីសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន, ខេត្តត្បូងឃ្មំ, បាត់ដំបង, កំពង់ចាម, ខេត្តកណ្ដាល និងសៀមរាប។

វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបា គឺ លោក Alexander dela Celda Brokina។ សិក្សារយៈពេល៣ថ្ងៃ ដោយនៅថ្ងៃដំបូងគឺសិក្សាទ្រឹស្ដីសុទ្ធសាធ ហើយនៅថ្ងៃទី២ គឺអនុវត្តន៍ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ មានការអនុវត្តន៍អាងទឹកពីវិធីបង្ហាត់ ការរំលឹកឡើងវិញពីទ្រឹស្ដី និងការធ្វើតេស្ត។

បន្ទាប់ពីការធ្វើតេស្ត មានសិក្ខាកាមចំនួន ៨៥ភាគរយបាន ទទួលនិទ្ទេសល្អ និង ១៥ភាគរយបានទទួលនិទ្ទេសមធ្យម។ លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ ហើយៗសិក្ខាកាមខ្លះជាកីឡាករហែលទឹក ខ្លះជាកីឡាករបាល់ទឹក តែពេលនេះគេបានក្លាយជាគ្រូបង្វឹកហើយ។ ពីមុនមានបច្ចេកទេសជាកីឡាករ តែពេលនេះបច្ចេកទេសជាគ្រូបង្វឹក។ ជាគ្រូបង្វឹកមានការទទួលខុសត្រូវផ្សេងពីកីឡាករព្រោះគ្រូត្រូវយល់ ដឹងពីការបង្កើតក្រុមបាល់ទឹក ការធ្វើកម្មវិធីហ្វឹកហាត់ តួនាទីគ្រូនៅមុនពេលប្រកួត ពេលកំពុងប្រកួត និងក្រោយពេលប្រកួត។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានទាមទារឲ្យសិក្ខាកាមទាំងអស់ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬខេត្តរបស់ខ្លួន។ លោកសន្យាថាឆ្នាំនេះលោកនឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទឹកឲ្យខាងតែបាន កាលពីទសវត្សរ៍កម្ពុជាធ្លាប់មានកីឡានេះដែរ តែបន្ទាប់ពីសង្គ្រាមកីឡានេះទើបតែបង្កើតបាន២ឆ្នាំនេះទេ។ សព្វថ្ងៃកម្ពុជា ទើបតែមានក្រុនបាល់ទឹកចំនួន ២ក្រុមប៉ុណ្ណោះ គឺមួយក្រុមនៅរាជធានីភ្នំពេញ និងមួយក្រុមនៅខេត្តកំពង់ចាម។

សូមបញ្ជាក់ថា យោងតាមសម្ដីរបស់ លោក នាង សុរិទ្ធីយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថាកីឡាបាល់ទឹក (Water Polo) នេះលេងនៅក្នុងអាងសម្រាប់លោតទឹក គឺមិនមែងនៅក្នុងអាងសម្រាប់ហែលនោះទេ។ ទីលានមានបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង៣ម៉ែត្រ និងលេងម្ខាងៗ ៧នាក់។

កីឡាប្រភេទនេះក្រៅពីអាជ្ញាកណ្ដាលបញ្ជាការប្រកួតចំនួន២រូប នោះនៅមានអាជ្ញាកណ្ដាលទី៣ អ្នកកាន់នាឡិកាកំណត់ម៉ោង។ ការប្រកួតមាន៤វគ្គ ដែលមួយវគ្គមាន៨នាទីហើយនៅចន្លោះវគ្គនីមួយៗសម្រាក២នាទី ចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់