ប្រកួតសូហ្វតិន្នីស ជើងឯកជាតិ២០១៩ មហាផ្ទៃ យកមេដាយមាស៤ លើ៩វិញ្ញាសា

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកជាតិ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបានបញ្ចប់ហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៩ ខែមីនា។ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីក្នុងពិធីបិទការប្រកួតនេះ។

ការប្រកួតនេះមានកីឡាករ-កីឡាការិនី ចូលរួមចំនួន៨០នាក់ ដែលក្នុងនោះមាន៣០រូបជាកីឡាការិនី មកពីសមាគម-ក្លិបចំនួន៧ គឺក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អង្គការមិត្តសម្លាញ់ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រៃវែង។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៩ គឺវិញ្ញាសាឯកត្តជនយុវជនអាយុក្រោម១៥ឆ្នាំ, វិញ្ញាសាឯកត្តជន យុវជនអាយុក្រោម១៨ឆ្នាំ, វិញ្ញាសាវាយគូចម្រុះបុរស-នារី (Mix Double) វិញ្ញាសាវាយគូបុរស (ខ) (Men ‘s Double-B) វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូនារី ឯកត្តជនបុរស (ក) វិញ្ញាសាវាយគូបុរស(ក) និងវិញ្ញាសាប្រកួតជាក្រុមបុរស ដែលមួយក្រុមមាន៦រូប។

ចំពោះលទ្ធផលវិញនោះ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាសចំនួន៤គ្រឿង ប្រាក់៤គ្រឿងនិងសំរិទ្ធ៩ គ្រឿង, ក្រសួងការពារជាតិដណ្ដើមបានមេដាយមាសចំនួន២គ្រឿង ប្រាក់៣គ្រឿង, អគ្គស្នងការនគរបាលជាតិ ដណ្ដើមបានមេដាយមាស ២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង ខណៈខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយ មាស១គ្រឿង សំរិទ្ធ ១ គ្រឿង៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់