ប្រមុខអគ្គនាយកដ្ឋានកីឡា ពន្យល់ពីរឿងប្រាក់រង្វាន់កីឡាករកាយវប្បកម្មកម្ពុជា

មាស សុផាណារ៉ុង March 9, 2019


 

ភ្នំពេញ៖ បន្ទាប់ពីមានប្រតិកម្ម និងការលើកឡើងថាប្រាក់រង្វាន់មេដាយមាសរបស់កីឡាកាយវប្បកម្មកម្ពុជា ត្រូវក្រសួងអប់រំ យុវជន និងកីឡា ស៊ីដាច់អស់១០០លានរៀលនោះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានធ្វើសន្និសីទកាសែតមួយនាល្ងាចថ្ងៃទី៨ ខែមីនា ដើម្បីពន្យល់ពីបញ្ហានេះ។

ជាមួយនឹងប្រតិកម្មបែបនេះបានធ្វើឲ្យបណ្ដាញហ្វេសប៊ុកមួយចំនួនបានលើកឡើងរិះគន់តៗគ្នា ដែលនាំឲ្យ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានកោះហៅសហព័ន្ធ រួមជាមួយសមាជិកប្រតិបត្តិ និងសាមីកីឡាករផ្ទាល់មកបំភ្លឺតែអ្វីៗហាក់ដូចជាមិនទាន់ស្ងប់នៅឡើយ។​ នៅចំពោះមុកអ្នកកាសែតលោកអគ្គនាយកកីឡាបានពន្យល់ថានៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភ ចំពោះគ្របង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ លេខ៥៣២ អន ក្រ-បក ចុះថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពុំមានចែងស្ដីពីការផ្ដល់រង្វាន់ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍បែបនេះទេ។ គឺមានចែងតែការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ការប្រកួតកីឡាអាស៊ីរដូវក្ដៅ និងរដូវរងា (ASIAN Games) និងកីឡាអូឡាំពិកទាំងរដូវក្ដៅ និងរងា (Olympic Games) តែប៉ុណ្ណោះ។

នៅក្នុងមាត្រាទី៧នៃអនុក្រឹត្យនោះបានចែងថា «ជ័យលាភីឯកត្តជន ឬក្រុមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ក្រៅពីការប្រកួតដូចមានចែងក្នុងមាត្រា៣ ដែលមាន (ស៊ីហ្គេម កីឡាអាស៊ី និង កីឡាអូឡាំពិក) ត្រូវបានផ្ដល់ប្រាក់រង្វាន់ តាមប្រកាសអន្តរក្រសួងស្ដីពីគោលការណ៍សម្រាប់ហ្វឹកហាត់ និងការប្រកួតកីឡាជាផ្លូវការគ្រប់ប្រភេទប្រចាំឆ្នាំ។» នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួង លេខ៧១៦ សហវ-ប្រក ស្ដីពីគោលការណ៍សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ត អូន ព័ន្ធមុនីរ័ត្ន ត្រង់ចំណុច (ខ) ស្ដីពីប្រាក់រង្វាន់លើកទឹកចិត្ត កីឡាករ-កីឡាការិនី ជើងឯកតាមប្រភេទកីឡា (Championship) ត្រង់ចំណុច (ខ១) ស្ដីពីការប្រកួតជើងឯកពិភពលោកបានបញ្ជាក់ថារង្វាន់មេដាយមាសបាន ២០.០០០.០០០រៀល មេដាយប្រាក់ បាន ១៦.០០០.០០០រៀល និងមេដាយសំរិទ្ធបាន ១៣.០០០.០០០រៀល។ រង្វាន់ ២០.០០០.០០០រៀល គឺជារង្វាន់ដែលកីឡាករ សំបូរ សុភណ្ឌ បានទទួលដោយត្រឹមត្រូវពីរដ្ឋាភិបាលតាមរយៈសេចក្ដីប្រកាសអន្តរក្រសួងនេះ។ លោកអ៊ុក សិទ្ធិជាតិ អះអាងថានេះជារង្វាន់របស់រដ្ឋាភិបាលដែលផ្ដល់តាមសេចក្ដីប្រកាសអន្តរក្រសួងរូបលោក និងក្រសួងអប់រំ យុវជន និងកីឡា ធ្វើអ្វីៗស្របទៅតាមគោលការណ៍ដែលកំណត់ទាំងអស់មិនមែនក្រសួងអប់រំ យុវជន និងកីឡា លេបប្រាក់រង្វាន់កីឡាកររូបនេះអស់ ១០០.០០០.០០០រៀល នោះទេ។

សូមរំលឹកថា កីឡាករកាយវប្បកម្មកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា 10th WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយកីឡាករកម្ពុជាមួយ រូបឈ្មោះ សំបូរ សុភណ្ឌ ដណ្ដើមបានមេដាយមាសលើវិញ្ញាសា Men Sports Physique Up to 175 Cm។ ជាមួយនឹងជ័យជំនះនេះកីឡររូបនេះ និងគ្រូបង្វឹកគឺលោក ស៊ឹម សុភមង្គលរស្មី ដែលជាប្រធានសហព័ន្ធផងនោះ បានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ មេដាយមាសនៃព្រឹត្តិការណ៍នេះបានទទួលរង្វាន់លើកទឹកចិត្តចំនួន ២០.០០០.០០០រៀល រីឯគ្រូបង្វឹកក៏ទទួលបានការលើកទឹកចិត្ត ២០.០០០.០០០រៀល ដូចគ្នា។ បន្ទាប់ពីបានទទួលរង្វាន់ហើយនោះទាំងគ្រូបង្វឹកដែលជាប្រធានសហព័ន្ធផងនោះ និងកីឡាករ សំបូរ សុភណ្ឌ បានប្រតិកម្មថាក្រសួងអប់រំកឹបកេងលុយរង្វាន់របស់ពួកគេអស់ ១០០.០០០.០០០រៀល ព្រោះរង្វាន់របស់ពួកគេដែលត្រូវបាននោះមានចំនួន ១២០.០០០.០០០រៀលឯណោះ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់