កីឡាករកាយវប្បកម្មកម្ពុជាត្រកូល សំបូរ មិនទទួលយកការបកស្រាយរបស់ថ្នាក់ដឹកនាំកីឡា!

នូ មករា March 7, 2019


ភ្នំពេញ៖ មកទល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយដើម្បីបញ្ចប់បញ្ហាចំនួនប្រាក់រង្វាន់ដែលកីឡាករកាយវប្បកម្មកម្ពុុជាទទួលបានពីក្រសួងអប់រំ យុវជន និងកីឡាក្រោយឈ្នះមេដាយមាសពីការប្រកួតកម្រិតពិភពលោកនៅឡើយទេ បើទោះបីជាមានការបកស្រាយពន្យល់ពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក៏ដោយចុះ ពោលគឺសាមីខ្លន សំបូរ សុភ័ណ្ឌ រួមជាមួយបងប្រុសបានអះអាងថា ការបកស្រាយនេះមិនអាចទទួលយកបាននោះឡើយ។

សូមបញ្ជាក់ថា ក្រោយពីមានការបង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុកពីបញ្ហានេះមក លោក អ៊ុក សិទ្ធិជាតិ បានចេញមុខបកស្រាយតាមរយៈកិច្ចសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ BTV ថា ពុំ​មានការ​បាត់​លុយ​ប្រាក់​រង្វាន់​អ្វី​នោះ​ទេ គ្រាន់តែ​មានការ​ភាន់ច្រឡំ និង​មិន​បានដឹង​អំពី​ដំណើររឿង​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​តែ​ប៉ុណ្ណោះ ។ លោក​បានថាថ្លែងថា ប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល​នោះ​គឺ​កើត​ចេញពី​គោលការណ៍​ស្នើ​សុំ​ពិសេសដើម្បី​តម្រូវ​ទៅ​លើ​មេដាយដែល​ សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បានពោលគឺមិនមែន​កំណត់​ ១២០​លាន​រៀល​ដូច​ទៅ​នឹង​អនុក្រឹត្យ​នោះ​ទេ។ លោកបានបន្ថែមថា ករណី​មេដាយ​របស់ ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​ពី​ប្រទេស​ថៃគឺ​មាន​វិញ្ញាសា​ច្រើន​រហូត​ដល់​ទៅ​ ៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ​ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួល​បាន​មេដាយ​ដែរ។ ហេតុនេះ​ក្រសួង​មិន​បាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ​១២០​លាន​រៀល​នោះ​ទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់​ប្រាក់​រង្វាន់​ប្រមាណ​ជា​ ២០​លាន​រៀល​តែ​ម្តងដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​របស់​កីឡាករ​។

យ៉ាងណាក៏ដោយ ចំពោះភាគីកីឡាករផ្ទាល់បានឆ្លើយតបបដិេសធវិញ ថា “មិនអាចទទួលយកបាន” ចំពោះការពន្យល់នេះទេ ដោយបានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំ គួរតែមានការជូនដំណឹងជាមុនពិសេសពេលដែលកីឡាករត្រៀមខ្លួនទៅចូលរួមប្រកួត មិនមែនប្រកួតចប់ទើបប្រាប់បែបនេះឡើយ។ ជាចុងក្រោយ កីឡាករទាំង ២រូប ជាពិសេសម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បានសំណូមពរទៅកាន់សម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន​ ដើម្បីសុំអន្តរាគគមន៍ចំពោះរឿងនេះដោយរូបគេមានជំនឿចិត្តថា សម្តេចតេជោនឹងសម្រេចប្រកបដោយគតិបណ្ឌិតដើម្បីលលកទឹកចិត្តដល់កីឡាករដែលមានស្នាដៃ និងធ្លាប់សាងកិត្តិយសជូនជាតិមាតុភូមិនោះ៕


អត្ថបទ៖ មករា

មតិយោបល់