រាជធានីភ្នំពេញបញ្ចប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាដោយជោគជ័យ

នូ មករា March 6, 2019


ភ្នំពេញ៖ ការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញដែលបានចាប់ផ្ដើមពីថ្ងៃទី២៧ ខែកុម្ភៈមកនោះបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៥ ខែមីនាម្សិលមិញ។ ការប្រកួតនេះមានវិទ្យាល័យ និងអនុវិទ្យាល័យរដ្ឋ និងឯកជនជាច្រើនបានចូលរួមប្រកួតលើ ៦ប្រភេទកីឡាដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡា វាយកូនឃ្លីលើតុ។ នេះក៏ជាការប្រកួតដើម្បរកកីឡាករ-កីឡាការិនីក្រុមខ្លាំងៗត្រៀមខ្លួនចូលរួមប្រកួតជើងឯកថ្នាក់ជាតិ
កម្រិតមធ្យមសិក្សាដែលនឹងធ្វើនៅពេលខាងមុខនេះ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញដែលអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនោះមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញតែងតែរៀបចំការប្រកួតខាងលើកនេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម ដែលមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ខណៈដែលសព្វថ្ងៃនេះវិស័យកីឡានៅរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងបានចូលរួមចំណែកអភិឌ្ឍន័វិស័យ អប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។


សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាតំបន់ដ៏ខ្លាំង និងមានសក្តានុពលមួយខាងវិស័យកីឡា ដោយកាលពីការប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ ក្នុងចំណោម២ ៥រាជធានី-ខេត្តដែលចូលរួម រាជធានីភ្នំពេញឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយសរុប១០២គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៤១គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ២៧គ្រឿង។

ចំណែកក្នុងការប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំមុន រាជធានីភ្នំពេញឈរនៅចំណាត់ថ្នាក់លេខ២ ក្រោមក្រសួងមហាផ្ទៃ ប៉ុន្តែចំនួនមេដាយមានការកើនឡើងពោលគឺមេដាយសរុប ១២៤គ្រឿងក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង សំរឹទ្ធ២៦គ្រឿង៕


អត្ថបទ៖ វ៉ាន្នី

មតិយោបល់