ខេត្តកណ្តាល ប្រកួតវាស់ស្ទង់កម្រិតបច្ចេកទេសប្រចាំខេត្តត្រៀមខ្លួនចូលរួមប្រកួតកីឡាមធ្យមសិក្សាថ្នាក់ជាតិ

មាស សុផាណារ៉ុង March 5, 2019


 

ភ្នំពេញ៖ ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួត កីឡាកម្រិតមធ្យមសិក្សាថ្នាក់ជាតិ ការិយាល័យអប់រំកាយ និងកីឡា ខេត្តកណ្ដាលបានរៀបចំការប្រកួតកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យរបស់ខ្លួន ពីថ្ងៃទី២៧ ខែកុម្ភៈ និង បានបញ្ចប់ នៅថ្ងៃទី៤ ខែមីនា។ ការប្រកួតនេះមានអនុវិទ្យាល័យ វិទ្យាល័យរដ្ឋ និងឯកជន នៅក្នុងខេត្តចំនួន២៣ចូលរួម។

កីឡាដែលដាក់ឲ្យប្រកួតមានចំនួន៥ប្រភេទ គឺកីឡាបាល់ទាត់ , កីឡាបាល់ទះ , កីឡាបាល់បោះ , កីឡាអត្តពលកម្ម និងកីឡាប៉េតង់ ចំពោះកីឡាបាល់ទាត់បុរស ចំនួន១២ក្រុម នារីចំនួន៦ក្រុម , កីឡាបាល់ទះបុរស ចំនួន៦ក្រុម នារីចំនួន៦ក្រុម , កីឡាបាល់បោះ បុរសចំនួន៣ក្រុម នារីចំនួន៣ក្រុម , កីឡាអត្តពលកម្ម មាន៦ក្រុម ទាំងបុរសនារី ជិត១០០នាក់ និងកីឡាប៉េតង់បុរស ចំនួន៣ក្រុម នារីចំនួន៣ក្រុម។

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ដែលចូលរួមក្នុងពិធីបិទការប្រកួតបានបញ្ជាក់ថាជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាលតែងតែរៀបចំការប្រកួតខាងលើកនេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម ដែលមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ក្នុងការត្រៀមចូលរួមប្រកួតថ្នាក់ជាតិ។ សព្វថ្ងៃនេះវិស័យរបស់ខេត្តកណ្តាល មានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះគឺជាការចូលរួមចំណែកអភិឌ្ឍន័វិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់