វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត១ មានសិក្ខាកាមចំនួន២០រូប ចូលរួម

មាស សុផាណារ៉ុង March 5, 2019


 

ភ្នំពេញ៖ ដោយមានការជួយទំនុកបម្រុងទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) សហព័ន្ធខ្មែរកីឡាហែលទឹក បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា មានសិក្ខាកាមចូលរៀនចំនួន២០រូប ដែលមកសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ខេត្តត្បូងឃ្មំ , បាត់ដំបង , កំពង់ចាម , ខេត្តកណ្ដាល និងសៀមរាប។

វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបា គឺ លោក Alexander dela Celda Brokina។ លោក នាង សុរិទ្ធីយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថាកីឡាបាល់ទឹក (Water Polo) នេះលេងនៅក្នុងអាងសម្រាប់លោតទឹក គឺមិនមែងនៅក្នុងអាងសម្រាប់ហែលនោះទេ។

ទីលានមានបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង ៣ម៉ែត្រ និងលេងម្ខាងៗ៧នាក់។ កីឡាប្រភេទនេះក្រៅពីអាជ្ញាកណ្ដាលបញ្ជាការប្រកួតចំនួន ២រូប នោះនៅមានអាជ្ញាកណ្ដាលទី៣ អ្នកកាន់នាឡិកាកំណត់ម៉ោង។ ការប្រកួតមាន ៤វគ្គ ដែលមួយវគ្គមាន៨នាទី ហើយនៅចន្លោះវគ្គនីមួយៗសម្រាក២នាទី ចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក។

លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ហើយ ហើយកន្លងមក ក៏ធ្លាប់បានរៀបចំការប្រកួតនៅមជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាមដែរ។ វគ្គនេះគឺសង្កត់ខ្លាំងទៅលើការអនុវត្តន៍ជាក់ស្ដែង។ សម្រាប់ថ្ងៃដំបូងលោកនឹងបង្រៀនពីទ្រឹស្ដី ពីច្បាប់ប្រកួត បង្ហាត់ទ្រឹស្ដីបច្ចេកទេស ថ្ងៃទី២ គឺជាថ្ងៃអនុវត្តន៍ជាក់ស្ដែងនៅក្នុងអាងទឹក និងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយសិក្ខាកាមទាំងអស់ត្រូវអនុវត្តន៍តួនាទីជាគ្រូបង្ហាត់ម្ដងម្នាក់ៗ។ លោកបង្ហាញនូវជំនឿចិត្តថាក្នុងចំណោមសិក្ខាកាមទាំង២០រូបនេះ នឹងមានអ្នកក្លាយខ្លួនទៅជាគ្រូបង្ហាត់កម្រិតខ្ពស់។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានទាមទារឲ្យសិក្ខាកាមទាំងអស់បន្ទាប់ពីចប់វគ្គនេះទៅត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬ ខេត្តរបស់ខ្លួន។ កាលពីទសវត្សរ៍កម្ពុជាធ្លាប់មានកីឡានេះដែរតែបន្ទាប់ពីសង្គ្រាមកីឡានេះទើបតែបង្កើតបាន២ឆ្នាំនេះទេ។ សព្វថ្ងៃកម្ពុទើបតែមានក្រុនបាល់ទឹកចំនួន ២ក្រុមប៉ុណ្ណោះ គឺមួយក្រុមនៅរាជធានីភ្នំពេញ និងមួយក្រុមនៅខេត្តកំពង់ចាម ។ លោកអគ្គលេខាធិការក៏អះអាងពីការរៀបចំឲ្យមានការប្រកួតបាល់ទឹកប្រចាំឆ្នាំ និងបង្កើតកម្មវិធីហ្វឹកហាត់ ប្រចាំសប្ដាហ៍បន្ទាប់ពីអាងហែលទឹកក្នុងស្ដាតអូឡាំពិកបញ្ចប់ការជួសជុលនោះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់