វៀតណាម គ្រោងដាក់កីឡាចំនួន៤០ប្រភេទ សម្រាប់កីឡាស៊ីហ្គេម២០២១ នៅលើទឹកដីរបស់ខ្លួន

មាស សុផាណារ៉ុង March 4, 2019


 

វៀតណាម៖ យោងតាមរដ្ឋបាលកីឡារបស់វៀតណាមបានឱ្យដឹងថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ( 31st SEA Games 2021 ) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងដាក់ឲ្យមានប្រភេទកីឡា ៤០ប្រភេទ ដែលជាចំនួនច្រើនជាងកាលពីអតីតកាល។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅហាណូយកាលពីដើមខែមីនា រដ្ឋបាលបានដាក់ឈ្មោះកីឡាចំនួន៣៦ ដោយនិយាយថាកីឡា ៤ប្រភេទទៀត នឹងត្រូវបន្ថែមនៅក្នុងប៉ុន្មានខែខាងមុខនេះ។

គេនឹងត្រូវបែងចែកជា ៣ក្រុម។ ទី១ គឺអត្តពលិកម្ម និងកីឡាទឹក មួយផ្សេងទៀតសម្រាប់កីឡាកាយវប្បកម្ម, ចែវទូក, កីឡាបាល់ទាត់, ការបាញ់កាំភ្លើង, លើកទម្ងន់ និងក្បាច់គុន និងទី៣ សម្រាប់១១ កីឡាក្នុងតំបន់ និងកីឡាថ្មីដូចជារាំ, អុក, ប្រដាល់, វ៉ូវីណាម និងកីឡាអេឡិចត្រូនិច ( e-sport )។

ស៊ីហ្គេមលើកទី២២ នៅវៀតណាម ( ឆ្នាំ២០០៣ )

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) គឺជាព្រឹត្តិការណ៍កីឡាធំបំផុតដែលធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដង។ ការប្រកួតលើកទី៣១ នេះនឹងត្រូវរៀបចំឡើងនៅទីក្រុងហាណូយ និងបណ្តាខេត្តមួយចំនួនទៀតដូចជា Bac Ninh ខេត្ត Quang Ninh, Hai Duong, Hai Phong, Vinh Phuc និង Hòa Binh ជាដើមនៅឆ្នាំ២០២១។

ស៊ីហ្គេមលើកទី២២ នៅវៀតណាម ( ឆ្នាំ២០០៣ )

យ៉ាងណាមុនការប្រកួតលើកទី៣១ មកដល់ គេផ្ដោតអារម្មណ៍លើការប្រកួតលើកទី៣០ សិនដែលគ្រោងនឹងធ្វើនៅប្រទេសហ្វីលីពីន នៅចុងឆ្នាំ២០១៩នេះ ជាមួយនឹងកំណត់ត្រាពុំធ្លាប់មាន នូវកីឡារហូតដល់ ៥៦ប្រភេទ។ នៅក្នុងពិធីបិទនៅថ្ងៃទី១១ ខែធ្នូ វៀតណាមនឹងត្រូវបន្តទទួលទង់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សម្រាប់បន្តត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ vietnamnet.vn / imagenesmi

ប្រភព៖ vietnamnews

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់