បុរសខ្លាំងខាងប៉េតង់លំដាប់អន្តរជាតិ ២រូប មកកម្ពុជាផ្តោតទៅលើកត្តា ២សំខាន់

មាស សុផាណារ៉ុង March 4, 2019


 

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្សាស្តីពី គ្រូបង្វឹកកីឡាប៊ូល និងប៉េតង់ កម្រិតបឋម វគ្គទី២ កាលពីចុងសប្ដាហ៍កន្លងមក។ វគ្គនេះមានរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ ស្រី៦នាក់នៅពហុកីឡដ្ឋានជាតិ។

វគ្គសិក្សាចំនួន២ បានបើកឡើងក្នុងពេលតែមួយដែលនេះជាវគ្គកាដូឲ្យដោយលោក Claude AZEMA ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ និង លោក Victor NATAF ជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់អន្តរជាតិ។ សម្រាប់ លោក Claude AZEMA បានបើកវគ្គមួយដោយឡែកដើម្បីបង្រៀនដល់អ្នកជំនាញបច្ចេកទេស ចៅ ក្រមអាជ្ញាកណ្ដាល ដែលវគ្គនេះមានសិក្ខាកាមចំនួន៣០រូប។

ចំពោះលោក Victor NATAF បង្រៀនដល់គ្រូបង្វឹក ព្រោះពេលនេះកម្ពុជាបានបញ្ចូលប្រភេទកីឡាប៉េតង់នេះទៅតាមសាលារៀន។ ជាមួយនឹងការបញ្ចូលតាមសាលារៀន បែបនេះធ្វើឲ្យសាលារៀននីមួយៗខ្វះខាតគ្រូបង្វឹកជាច្រើន។ សិក្ខាកាមទាំង ៣២រូបដែលមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលនឹងក្លាយខ្លួនជាគ្រូអប់រំកាយតាមសាលារៀននោះ មានតួនាទីដើម្បីរំលែកបទពិសោធន៍ទាំង នេះដល់សាលារៀន និងបង្ហាត់សិស្សានុសិស្ស។ ចំពោះលោក Claude AZEMA វិញលោកផ្ដោតទៅលើប្រការដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ប៉េតង់ជើងឯកពិភាពលោកនាចុងឆ្នាំនេះ។ ជាមួយនឹងការទទួលធ្វើជាម្ចាស់ផ្ទះនេះកម្ពុជាត្រូវតែមានមន្ត្រីបច្ចេកទេស ដែលមានសមត្ថភាព និង ប្រកបដោយវិជ្ជាជីវៈ។

កីឡាប៉េតង់កម្ពុជា ចាប់ផ្ដើមមានមុខមានមាត់តាមរយៈកីឡាការិនី កែ ឡេង ដែលគ្រងជើងឯកពិភពលោកបាន ៣រជ្ជកាល ជាមួយគ្នានេះកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន ក៏ជាអ្នកធ្លាប់គ្រងជើងឯកពិភពលោកបានមួយជំនាន់ផងដែរ។ នេះជាកត្តាធ្វើឲ្យប្រមុខប៉េតង់អន្តរជាតិចាប់អារម្មណ៍ជាមួយនឹងប៉េតង់កម្ពុជា៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់