ហ្វីលីពីន នឹងប្រើប្រាស់កីឡដ្ឋានក្នុងសាល ធ្វើជាពិធីបើកកីឡា SEA Games 2019 នេះ

មាស សុផាណារ៉ុង March 6, 2019


 

ហ្វីលីពីន៖ ឆ្នាំ២០១៩ ការប្រកួតព្រឹត្តិការណ៍កីឡាធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games ) នឹងបន្តឈានចូលមកដល់ក្នុងឱកាសលើកទី៣០ ដោយប្រទេសហ្វីលីពីន នឹងទទួលធ្វើជាម្ចាសផ្ទះការប្រកួតនេះ ដែលគ្រោងធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ។

ក្រឡេកមើលការត្រៀមរៀបចំវិញ នៅមុនព្រឹត្តិការណ៍មកដល់ម្ចាស់ផ្ទះបានសម្រេចយកការធ្វើពិធីបើកនៅក្នុងកីឡដ្ឋានក្នុងសាល ទៅវិញ ដែលជារឿងប្លែកថ្មីមួយនៅក្នុងកីឡាប្រចាំតំបន់មួយនេះ ដែលការរៀបចំកន្លងៗមកប្រើប្រាស់តែកីឡដ្ឋានខ្នាតធំទូលាយ និងផ្ទុកទស្សនិកជនរាប់ម៊ឺននាក់។

យ៉ាងណាមិញចំពោះមូលហេតុវិញ ពុំស្មុគស្មាញឡើយសម្រាប់ជាចម្ងល់ មូលហេតុដែល ហ្វីលីពីន ជ្រើសរើសយកកីឡដ្ឋានក្នុងសាលនេះធ្វើជាទីតាំងសម្រាប់ពិធីបើក គឺដោយសារតែមានទំហំធំ ពោលចំនួនផ្ទុកទស្សនិកជន អាចដាក់បានរហូតដល់ ៥៥,០០០ នាក់ មិនតែប៉ុណ្ណោះកីឡដ្ឋានដដែលនេះ គឺត្រូវបានចុះជាកំណត់ត្រាថា ជាកីឡដ្ឋានក្នុងសាលដែលធំជាងគេលើពិភពលោកផងដែរ តាមពីក្រោយដោយកីឡដ្ឋានក្នុងសាលរបស់បារាំង នៅលេខ២ ដែលផ្ទុកបាន ៤០,០០០ នាក់។

លក្ខណៈពិសេសដទៃទៀត កីឡដ្ឋានដដែលនេះ គឺស្ថិតនៅក្នុងរដ្ឋធានីម៉ានីល ដែលជាទីតាំងមានប្រភេទកីឡាសំខាន់ៗជាច្រើនប្រកួតនៅទីនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩នេះ ( SEA Games 2019 ) ប្រភេទកីឡាត្រូវបានម្ចាស់ផ្ទះកំណត់រួចរាល់ហើយ ដោយក្នុងនោះមានរហូតដល់ ៥៦ប្រភេទកីឡា មាន ៥២៣ វិញ្ញាសា ដាក់ឲ្យប្រកួត និងត្រូវបានចាត់ទុកថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាធ្វើរៀងរាល់ ២ឆ្នាំម្ដងមួយនេះ ដែលមានប្រភេទកីឡាប្រកួតច្រើនជាងគេពុំធ្លាប់មានចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៩ មក៕

 

រូបភាព៖ ergocontracts

អត្ថបទ៖ ណារ៉ុង

មតិយោបល់