៣៤ប្រភេទកីឡា ប្រមូលផ្ដុំឆ្នាំនេះ នឹងបែងចែកចេញជា ២ទីតាំងសំខាន់ៗផ្សេងគ្នា

មាស សុផាណារ៉ុង March 1, 2019


 

ភ្នំពេញ៖ តាមការគ្រោងទុកសម្រាប់ឆ្នាំ២០១៩ នេះ ក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងប្រមូលផ្ដុំកីឡាករជម្រើសជាតិចំនួន ៣៤ប្រភេទកីឡា ដែលជាឆ្នាំនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន និងជាឆ្នាំដែលកម្ពុជាចាប់ផ្ដើមយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់ ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រៅពីកីឡាទាំង ៣៤ប្រភេទនេះ ក៏នៅមានកីឡាជនពិការមួយក្រុមទៀតផងដែរ ដែលមានចំនួនសរុប ៥០៤នាក់ ក្នុងនោះកីឡាករចំនួន ២៨៤នាក់ កីឡាការិនីចំនួន ៩៣នាក់ គ្រូបង្វឹក ៩០នាក់ និងអនុរក្ស ចំនួន ៣៧នាក់។ ការប្រមូលផ្ដុំហ្វឹកហាត់នឹងមានរយៈពេល៧ខែ ដោយនឹងបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាពេលវេលាកៀកនឹងស៊ីហ្គេមតែម្ដង។

សម្រាប់ការប្រមូលផ្ដុំលើកនេះ ត្រូវចាប់ផ្ដើមហូបចុករួមគ្នាជាថ្មីឡើងវិញ ព្រមទាំងហ្វឹកហាត់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ទើបអនុញ្ញាតឲ្យត្រលប់មកផ្ទះ តែតម្រូវត្រឡប់មកជំរំហ្វឹកហាត់វិញនៅល្ងាចថ្ងៃអាទិត្យ។ កីឡាជម្រើសជាតិទាំងអស់ ត្រូវស្នាក់នៅហូបចុកក្នុង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ដោយឡែក ចំពោះកីឡាថ្នាលវិញ ត្រូវប្រមូលផ្ដុំលើ ៣១ប្រភេទកីឡា ដែលមានកីឡាករ-កីឡាការិនី ចំនួន៥០០នាក់ ក្នុងនោះកីឡារចំនួន ២៨៩នាក់ កីឡាការិនីចំនួន ១០៣នាក់ គ្រូបង្វឹក ៧៥នាក់ និងអនុរក្សចំនួន ៣៣នាក់ នឹងត្រូវស្នាក់នៅហូបចុករួមគ្នា រួមគ្នារយៈពេល៩ខែ ពោលគឺត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ កីឡាថ្នាលទាំងអស់ត្រូវស្នាក់នៅ ហូបចុក ហ្វឹកហាត់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ទើបអាចត្រឡប់ទៅផ្ទះបាន តែក៏ត្រូវត្រឡប់មកកាន់ជំរំហ្វឹកហាត់វិញនៅល្ងាចថ្ងៃអាទិត្យដូចគ្នាផងដែរ។ សម្រាប់កីឡាថ្នាល នឹងស្នាក់នៅហូបចុក នៅពហុកីឡដ្ឋានមរតកតេជោ ព្រោះជាកីឡាករថ្នាល ដែលត្រូវត្រៀមខ្លួនសម្រាប់ ឆ្នាំ២០២៣។

លោក អ៊ុក សិទ្ធិជាតិ ធ្វើការកត់សម្គាល់ថា សម្រាប់កីឡាជម្រើសជាតិបើអនុញ្ញាតឲ្យស្នាក់នៅ ហូបចុកតាមផ្ទះ នោះគុណផលរបស់គេធ្លាក់ចុះព្រោះការហូបចុករបស់គេចូលចិត្តតែអ្វីដែលឆ្ងាញ់ដោយមិនគិតពីកាឡូរី។ ការហូបចុកអាហារដែលមានកាឡូរីគ្រប់គ្រាន់នោះគេនឹងមានកម្លាំងហ្វឹកហាត់បានល្អ មិនដូចការហូបចុកអាហារដែលមិនមានកាឡូរីគ្រប់គ្រាន់នោះឡើយ ។ ចំពោះកីឡាថ្នាលវិញមិនអាចឆ្នាំនេះមនុស្សផ្សេងហើយឆ្នាំក្រោយមនុស្សនោះទេ បើបែបនេះគឺរដ្ឋចំណាយលុយចោលអត់ប្រយោជន៍៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់