ថ្នាក់ដឹកនាំកីឡាជនពិការកម្ពុជា សំណូមពរឱ្យមាន “ការប្រកួតកីឡាជាតិជនពិការ” និងការប្រមូលផ្តុំខ្នាតធំ

នូ មករា February 28, 2019


ភ្នំពេញ៖ ខណៈដែលវិស័យកីឡានៅកម្ពុជាកំពុងតែបោះជំហានដោយស្វាហាប់ឆ្ពោះទៅមុខជាលំដាប់ប្រកបដោយវិជ្ជមាននោះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានលើកឡើងថា ប្រភេទកីឡាជនពិការរបស់កម្ពុជាសព្វថ្ងៃនេះក៏មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែរក្នុងនោះមាន ៣ប្រភេទកីឡាដែលសក្តានុពលគឺ៖ អត្តពលកម្ម ហែលទឹក និងបាល់បោះរទេះនារី។

លោកបានបញ្ជាក់ថា សម្រាប់កីឡាជនពិការមាន ៤២ប្រភេទកីឡា រីឯកម្ពុជាទើបតែមាន ១៧ប្រភេទកីឡាប៉ុណ្ណោះ ក្នុងនោះប្រភេទកីឡាខ្លះមានសកម្មភាព ខ្លះទៀតមិនសូវមានសកម្មភាពឡើយព្រោះមិនសូវមានហិរញ្ញវត្ថុផ្គត់ផ្គង់​ ដូច្នេះហើយទើបប្រភេទកីឡាដែលមានសកម្មភាពខ្លាំងគឺជាប្រភេទកីឡាដែលមានសក្ដានុពលតែម្តង។ ជាមួយគ្នានេះ នាឆ្នាំ២០១៩នេះកីឡាជនពិការនឹងមានការប្រកួតច្រើនដូចជា ASEAN Para Games, ការប្រកួតជម្រុះសម្រាប់អូឡាំពិកជនពិការ២០២០ នៅតូក្យូ (Qualifier Olympic Para Games) ជាដើម។ ហេតុនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងធ្វើការប្រកួតជើងឯករបស់ខ្លួនដើម្បីចម្រាញ់រកជើងខ្លាំងឲ្យហើយ។


ជាមួយគ្នានេះ លោកបានសម្ដែងនូវការបារម្ភខ្លាចការជម្រុះសម្រាប់អូឡាំពិកប៉ារ៉ាហ្គេមធ្វើនៅអឺរុបដែលនៅទីនោះការចំណាយនឹងអស់ច្រើនជាងនៅអាស៊ី ដោយសារតែបើនៅក្នុងតំបន់អាស៊ីការចំណាយធ្វើដំណើរ និងការស្នាក់នៅហូបចុកមិនមានកម្រិតខ្ពស់ដូចនៅអឺរុបឡើយ។ ក្នុងការប្រកួតជម្រុះសម្រាប់ប៉ារ៉ាឡាំពិកហ្គេម២០២០ នេះដែរ ប្រភេទបាល់បោះរទេះនៅទ្វីបអាស៊ីមាន៤កៅអី  ខណៈជប៉ុនដែលជាម្ចាស់ផ្ទះបានទទួលកៅអីមួយដោយស្វ័យប្រវត្តិ ចំណែកប្រទេសចិនដែលជាប្រទេសខ្លាំងនោះនឹងដណ្ដើមបានមួយកៅអី ហើយហេតុនេះនៅសល់២កៅអីទៀតដែលកម្ពុជាត្រូវប្រជែងជាមួយប្រទេសដែលខ្លាំងដូចគ្នាគឺកម្ពុជា អុីរ៉ាក់ និងអ៊ីរ៉ង់ នេះមិនទាន់គិតដល់ប្រទសមួយចំនួនដែលគេគិតថានៅទន់ខ្សោយផង។

លោក យី វាសនា ក៏បានសំណូមពរឲ្យក្រសួងអប់រំយុវជន និងកីឡា ជួយពង្រីកទំហំនៃការប្រមូលផ្ដុំសម្រាប់កីឡាជនពិការ ព្រមទាំងការប្រមូលផ្ដុំកីឡាថ្នាល និងបង្កើតឲ្យមានការប្រកួតកីឡាជាតិនៃជនពិការ (National Para Games) ដូចកីឡាធម្មតាដែរ ខណៈកាលពីឆ្នាំ២០១៨ កន្លងមក ក្រសួងអប់រំយុវជន និងកីឡា បានជួយឧបត្ថម្ភក្នុងការប្រមូលផ្ដុំកីឡាករ-កីឡាការិនីបានចំនួន ៣០រូប ទាំងគ្រូបង្វឹកផង ប៉ុន្តែចាប់ពីឆ្នាំ២០១៩នេះទៅលោកសង្ឃឹមថាកីឡាជនពិការនឹងទទួលបានការប្រមូលផ្ដុំដែលមានទំហំធំជាងនេះ ដើម្បីបង្កើនគុណភាពឱ្យកាន់តែខ្លាំង ព្រោះថា កាលពីការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារ៉ាហ្គេមកន្លងមកកីឡាជនពិការកម្ពុជាបានចូលរួមតាមរយៈប្រព័ន្ធអនុគ្រោះ (Wild Card Sistem)ប៉ុណ្ណោះ ដោយមិនដែលបានចូលរួមតាមរយៈការប្រកួតជម្រុះ (Qualifier) នោះឡើយ៕


អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់