ឥណ្ឌូនេស៊ី ដាក់សំណើរដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ២០៣២

មាស សុផាណារ៉ុង February 20, 2019


 

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះសារព័ត៌មាន The Jakarta Post បានបញ្ជាក់ថាប្រទេសឥណ្ឌូនេស៊ី បានដាក់សំណើដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំ ២០៣២ ( 2032 Olympics )។

សារព័ត៌មានដដែលបានសរសេរថា ក្រុមមន្ត្រីបាននិយាយលើកឡើងកាលពីថ្ងៃអង្គារ ថាប្រទេសឥណ្ឌូណេស៊ី បានត្រៀមសំណើរដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិក ឆ្នាំ២០៣២ បន្ទាប់ពីប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទទួលការសរសើរយ៉ាងខ្លាំងចំពោះការរៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ី ( Asian Games 2018 ) កាលពីឆ្នាំមុន។

លោក Muliaman Hadad ឯកអគ្គរាជទូតរបស់ប្រទេសឥណ្ឌូណេស៊ី ប្រចាំប្រទេសស្វីស បានដាក់លិខិតស្នើសុំផ្លូវការពីលោកប្រធានាធិបតី Joko “Jokowi” Widodo ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ( IOC ) នៅទីក្រុង Lausanne ប្រទេសស្វីស កាលពីសប្តាហ៍មុន។ លោក Hadad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សព្វផ្សាយជាសាធារណៈនៅសប្តាហ៍នេះថា៖ «នេះគឺជាឱកាសដ៏ពិសេស ដើម្បីបង្ហាញថាប្រទេសឥណ្ឌូណេស៊ីជាប្រទេសធំមួយ។» 

ប្រធានាធិបតីឥណ្ឌូនេស៊ី ជាមួយ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

លោក Jokowi ធ្លាប់បានបង្ហាញនូវការចាប់អារម្មណ៍ថាឥណ្ឌូនេស៊ី ក្នុងការចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកអូឡាំពិក ២០៣២ នៅរដ្ឋធានីហ្សាកាតា ក្នុងអំឡុងព្រឹត្តិការណ៍ Asian Games កាលពីឆ្នាំមុន ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ ធំជាងគេទី២ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។

ប្រទេសឥណ្ឌា ក៏បានសម្តែងការចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ២០៣២ ផងដែរ ខណៈដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង បាននិយាយថាពួកគេអាចចូលរួមក្នុងការដេញថ្លៃរួមមួយនេះ។

ព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ( រូបភាព៖ The Jakarta Post/Wendra Ajistyatama )

បើសិនជាទទួលបានជោគជ័យ ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសពីទ្វីបអាស៊ីទី៤ បន្ទាប់ពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ( IOC ) នឹងប្រកាសប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក គឺធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ហើយព្រឹត្តិការណ៍បន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈទីក្រុងប៉ារីស ប្រទេសបារាំង នឹងធ្វើជាម្ចាស់ផ្ទះបន្ត នៅឆ្នាំ២០២៤ និងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៨៕

 

រូបភាព៖ insidethegames

ប្រភព៖ thejakartapost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់