សូហ្វតិន្នីសពានសម្ដេចក្រឡាហោម៖ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសគ្រប់វិញ្ញាសាទាំងអស់!

មាស សុផាណារ៉ុង February 11, 2019


ភ្នំពេញ៖ ការប្រកួតកីឡាសូហ្វតិន្នីសដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទី៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី៨ មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះ។ ការប្រកួតឆ្នាំនេះមាន សមាគម-ក្លិប ចំនួន ៧ចូលរួម ដែលក្នុងនោះមានសមាគមក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, ក្រសួងការពារជាតិ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, អង្គការមិត្តសម្លាញ់ និងក្លិបជប៉ុន ដែលមានកីឡាករចំនួន ៥៣រូប និងកីឡាការិនីចំនួន ២៥រូប។

 

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៧ គឺវិញ្ញាសាឯកត្តជនបុរស (Men’s Single), វិញ្ញាសាឯកត្តជននារី (Women’s Single), វិញ្ញាសាវាយគូបុរស, វិញ្ញាសាវាយគូនារី, វិញ្ញាសាវាយគូបុរសអក្សរ-ខ, វិញ្ញាសាឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយគូយុវជនអាយុក្រោម១៨ឆ្នាំ។

 

ក្នុងពិធីបិទ និងបំពាក់មេដាយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាប្រធានអង្គភាពកីឡានគរបាលជាតិ ដោយក្នុងចំណោមវិញ្ញាសាទាំង ៧ដែលដាក់ឲ្យប្រកួតនេះក្រសួងមហាផ្ទៃប្រមូលយកមេដាយមាសទាំងអស់តែម្ដង រីឯមេដាយប្រាក់ក្រសួងមហាផ្ទៃដណ្ដើមបាន ៥គ្រឿង និងសំរឹទ្ធ៥គ្រឿងបន្ថែមទៀត។ ចំណែកអគ្គស្នងការនគរបាលជាតិ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង។ សម្រាប់ក្រសួងការពារជាតិវិញដណ្ដើមបានមេដាយសំរឹទ្ធចំនួន ២គ្រឿង ខណៈដែលខេត្តកំពង់ស្ពឺដណ្ដើមបានមេដាយសំរឹទ្ធ២គ្រឿង និងក្លិបជប៉ុនដណ្ដើមបានមេដាយសំរឹទ្ធ១ គ្រឿង៕

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់