សហព័ន្ធកីឡាហែលទឹក បណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ

នូ មករា February 11, 2019


ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ “National Beginners Swimming Coach Clinic” បានចាប់ផ្តើមហើយនៅថ្ងៃទី១១ ខែកុម្ភៈនេះ។ តាមការគ្រោងទុកវគ្គបណ្ដុះបណ្ដាលនេះនឹងបញ្ចប់នៅថ្ងៃទី១៣ ខែកុម្ភៈខាងមុខ។ សូមបញ្ជាក់ថា វគ្គនេះបើកធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡា។


លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ក្នុងពិធីបើកថា វគ្គនេះមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្វឹកហែលទឹកនៅតាមបណ្តាក្លិបឯកជននានា រួមទាំងមន្ទីរអប់រំកាយ និងកីឡា និងក្លិបហែលទឹកដើម្បីបង្ហាត់បង្រៀនកូនសិស្ស ព្រមទាំងអាចជួយជីវិតពីមហន្តរាយនៃការលង់ទឹកទៀតផង។ សម្រាប់វគ្គនេះដែរមានសិក្ខាកាមចូលរួមចំនួន ៣០នាក់មកពី ៦រាជធានីខេត្ត-ក្រុង រួមមានខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់សោម និងរាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។


លោកបានបន្តថា សហព័ន្ធខ្មែរហែលទឹកបានសំឡឹងឃើញការអភិឌ្ឍន៍វិស័យកីឡាហែលទឹកនៅខេត្តធំចំនួនគឺខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចំណែកខេត្តផ្សេងៗទៀតសហព័ន្ធចាប់ផ្តើមនៅពេលក្រោយព្រោះខេត្តទាំងងនោះក៏មានសក្តានុពលផ្នែកកីឡាហែលកទឹកដែរ។ នៅក្នុងវគ្គនេះដែរ ឧទ្ទេសនាមដោយលោក ហែម គីរី និង លោក នាង សុរិទ្ធីយ៉ា ដែលជាអគ្គលេខាធិការរងសហព័ន្ធផ្ទាល់។

ចំពោះវគ្គនេះនឹងសិក្សាលម្អិតទៅលើអំណាច និងភារកិច្ចគ្រូបង្វឹក, ទីលានហ្វឹកហាត់ និងប្រកួត, មូលដ្ឋានគ្រឹះនៃកីឡាហែលទឹក, វិញ្ញាសាហែលទឹក, ការអភិវឌ្ឍន៍, សាងទំនុកចិត្ត, បច្ចេកទេសនៃការលោតចូលទឹក, ជ្រមុជមុខក្នុងទឹក, វិធីប្រើដង្ហើម, វិធីធាក់ជញ្ជាំង, ការបណ្ដែតខ្លួន, របៀបអង្គុយគោះជើង, របៀបគោះជើងសេរី, របៀបគោះជើងដៃកាន់ក្ដារ, បច្ចេកទេសហែលសេរីជាមួយដង្ហើម, របៀបហែលផ្ងារដៃ២, បច្ចេកទេសធាក់ជើង និងដៃ, ហែលរបៀបកង្កែប, របៀបចេញដំណើរ, បច្ចេកទេសលោត និងវិធីជាច្រើនទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់