រាប់ថយក្រោយ កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣

មាស សុផាណារ៉ុង February 9, 2019


 

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ ( 43rd South East Asia Age Group Swimming Championship 2019 ) ពីថ្ងៃទី២៨ ដល់៣០ មិថុនា នៅរាជធានីភ្នំពេញ។

ពេលនេះសហព័ន្ធខ្មែរកីឡាហែលទឹក បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ១៤០ថ្ងៃហើយ ដែលនឹងធ្វើនៅពហុកីឡដ្ឋានមរតកតេជោ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា មុននឹងព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ មកដល់នោះសហព័ន្ធបានត្រៀមខ្លួនដោយរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិជាច្រើនដូចជា ការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន នាពាក់កណ្ដាលខែកុម្ភៈនេះ រៀបចំបើវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសហែលទឹក នាខែមេសា។ ការប្រកួតដណ្ដើមពានរង្វាន់ SCG ដែលការប្រកួតនោះនឹងតម្រង់ទិសចំពោះយុវជន។

ខែសីហា ក្នុងខណៈដែលអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បញ្ចប់ការជួសជុលនោះនឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៦ ដែលការប្រកួតនេះក៏ផ្ដោតសំខាន់លើយុវជនផងដែរ។ ដោយឡែកថ្ងៃទី៣ ដល់ថ្ងៃទី៥ តុលា គឺជាព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងការប្រកួតនេះមានលក្ខណៈបើកទូលាយហើយកីឡាករ កីឡាការិនី គ្រប់វ័យទាំងអស់អាចចូលរួមប្រកួតបាន។

ថ្ងៃទី១០ ដល់១២ ខែតុលា គឺជាព្រឹត្តិការណ៍ទិវាហែលទឹកពិភពលោក ( FINA World Aquatic Day ) ព្រឹត្តិការណ៍នេះធ្វើនៅរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម។ ព្រឹត្តិការណ៍ទី៨ ដែលធ្វើនៅថ្ងៃទី១ និង២ ធ្នូ នោះគឺជាព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់តេជោសែន លើកទី៥ ដែលធ្វើនៅមជ្ឈមណ្ឌលហែលទឹក តេជោសែន នាខេត្តកំពង់ចាម៕

 

រូបភាព៖ ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium

អត្ថបទ៖ វ៉ាន្នី

មតិយោបល់