ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលើការប្រមូលផ្ដុំកីឡាជម្រើសជាតិឲ្យរស់នៅរួមគ្នា ក្រោយរកឃើញគុណផលធ្លាក់ចុះ

មាស សុផាណារ៉ុង February 8, 2019


ភ្នំពេញ៖ ពេលនេះក្រសួងអប់រំ យុវជន និងកីឡា កំពុងតែពិនិត្យលើការប្រមូលផ្ដុំកីឡាជម្រើសជាតិឲ្យរស់នៅរួមគ្នា និងបរិភោគរួមគ្នា ឡើងវិញដើម្បីបង្កើនគុណផលដែលហាក់ដូចជាធ្លាក់ចុះ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកត់សម្គាល់ថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) ២លើកចុងក្រោយរួមមានលើកទី២៨ ឆ្នាំ២០១៥ នៅសិង្ហបុរី និងលើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី កន្លងមក មេដាយរបស់កម្ពុជាមានការធ្លាក់ចុះច្រើនទោះបីកម្ពុជានៅរក្សាតំណែងលេខ៨លើប្រទេសឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត ក៏ពិតមែន។ សម្រាប់ឆ្នាំ២០១៩ ដែលជាឆ្នាំនៃការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនវិញនោះ ប្រភេទកីឡាមួយចំនួនអាចនឹងត្រូវប្រមូលផ្ដុំឡើងវិញទៅតាមទម្រង់ចាស់ដែលធ្លាប់ធ្វើកន្លងមក។

សូមបញ្ជាក់ថា នេះជាឆ្នាំយុទ្ធសាស្រ្តដែលកម្ពុជាត្រូវដកស្រង់បទពិសោធន៍រៀបចំ និងពង្រឹងសមត្ថភាពដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ចំពោះស៊ីហ្គេមលើកទី២៨ កាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី កម្ពុជា ដណ្ដើមបានមេដាយមាសតែមួយគ្រឿងប៉ុណ្ណោះ និងមេដាយប្រាក់ ៥គ្រឿង សំរឹទ្ធ ៩គ្រឿង។ ចំណែកស៊ីហ្គេមលើកទី២៩ នាឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជាដណ្ដើមបានមេដាយមាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១២គ្រឿង។ គេនៅចាំបានថា មេដាយរបស់កម្ពុជា បានឡើងខ្ពស់កាលពីស៊ីហ្គេមលើកទី២៧ ដែលកម្ពុជាដណ្ដើមបានមេដាយ មាស៨គ្រឿង ប្រាក់១១គ្រឿង និងសំរឹទ្ធ២៩គ្រឿង កាលនោះប្រភេទកីឡាចំបាប់បានមេដាយមាស៤គ្រឿង, វ៉ូវីណាមបានមេដាយមាស ២គ្រឿង, ប៉េតង់ឈ្នះមេដាយមាស ១គ្រឿង និងតេក្វាន់ដូដណ្តើមបានមេដាយមាស ១គ្រឿង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ដែរថា ចាប់ពីស៊ីហ្គេមលើកទី៣០ នេះទៅអ្វីៗត្រូវតែរឹងមាំព្រោះជាឆ្នាំយុទ្ធសាស្រ្តហើយប្រភេទកីឡាដែលមិនទាន់ដណ្ដើមបានមេដាយត្រូវតែពង្រឹងខ្លួនឲ្យបានល្អ រីឯប្រភេទកីឡាដែលមានសក្ដានុពលហើយនោះក៏មិនត្រូវសម្ងំស្ងៀមដែរគឺត្រូវតែបង្កើនការហ្វឹកហាត់បន្ថែមទៀតជាដាច់ខាត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់