វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានឯកសណ្ឋាន និងសម្ភារៈតេក្វាន់ដូពី Kukkiwon

មាស សុផាណារ៉ុង February 7, 2019


 

ភ្នំពេញ៖ វេលាថ្ងៃត្រង់ថ្ងៃទី០៧ ខែកុម្ភៈ ស្ថាប័ន Kukkiwon ដែលជាទីស្នាក់ការកណ្តាលតេក្វាន់ដូ ( World Taekwondo Headquarters ) តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ឯកសណ្ឋាន និងសម្ភារៈហ្វឹកហាត់តេក្វាន់ដូ ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ និង លោក Nak Young Ho ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីនេះ។

បើតាមការឲ្យដឹងពី លោក Choi Yong Sok ដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា សម្ភារៈទាំងនោះមានខ្សែក្រវាត់ចំនួន១០០ សម្លៀកបំពាក់សម្រាប់ហ្វឹកហាត់ចំនួន១០០សម្រាប់ ស្បែកជើងសម្រាប់ពាក់ហាត់ ១០០សម្រាប់ ដែលនេះជាអំណោយរបស់ស្ថាប័ន Kukkiwon ក្រៅពីនោះមានឧបករណ៍ការពាស្មង ការពារប្រអប់ជើង ម៉ាស់ពាក់ដើមទ្រូង សម្រាប់ពេលប្រកួត ឧបករណ៍សម្រាប់ទាត់ ចំនួន១០០សម្រាប់ ជាអំណោយរបស់ Koica។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានដាក់បញ្ចូលតេក្វាន់ដូ WT ( World Taekwondo ) ទៅក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ នៅឆ្នាំ២០១៧ វិទ្យាស្ថាននេះបានទទួលកាដូជាអគារហ្វឹកហាត់តេក្វាន់ដូ មួយខ្នងពីអង្គការ Koica របស់កូរ៉េ។ លោក ហង់ ជួនណារ៉ុន បានចាត់ទុកាថាជាការរួមចំណែកជួយពង្រឹងតេក្វាន់ដូដែលជាប្រភេទកីឡា ដែលកម្ពុជាមានសក្ដានុពលខ្លាំង។ ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូតបានអះអាងថាតេក្វាន់ដូកម្ពុជានឹងបានទទួលផលប្រ យោជន៍ច្រើនថែមទៀតពីរដ្ឋាភិបាលសាធារណរដ្ឋកូរេតាមរយៈស្ថាប័ន Kukkiwon និង Koica៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់