គម្រោងបង្កើតសាកលវិទ្យាល័យកីឡាជាលើកដំបូងនៅកម្ពុជាឈានដល់កម្រិតសាកល្បងហើយ!

មាស សុផាណារ៉ុង February 7, 2019


 

ភ្នំពេញ៖ គម្រោងនៃការបង្កើតសាកលវិទ្យាល័យកីឡាបានឈានដល់ការសាកល្បងហើយ ខណៈដែលលក្ខខណ្ឌជាច្រើនដើម្បីដំឡើងកម្រិតពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក៏ត្រូវបានបំពេញហើយដែរនោះ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមកមានសាកលវិទ្យាល័យកីឡាមួយនៅទីក្រុងណង់ សាធារណរដ្ឋបារាំង បានលូកដៃជួយលើផ្នែកជាច្រើនជាមួយគ្នានេះ អង្គការបេះដូងមាសរបស់ជប៉ុនក៏បានជួយផងដែរ។ តាមមហិច្ឆិតារបស់ក្រសួងអប់រំ យុវជន និងកីឡា គ្រោងធ្វើឲ្យសាកលវិទ្យាល័យកីឡានេះលេចចេញជារូបរាងនៅចុងឆ្នាំ២០១៨កន្លងមកប៉ុន្តែកត្តាធនធានមនុស្សពិសេសគ្រូនៅខ្វះខាតទើបអ្វីៗត្រូវបានពន្យារដល់ឆ្នាំ២០២០វិញ។

ទោះបីយ៉ាងណាក៏ពេលនេះ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កំពុងតែសាកល្បងបណ្ដុះបណ្ដាលនិស្សិតកម្រិតបរិញ្ញាបត្រជាលើកដំបូងចំនួន ២០រូប ដោយពួកគេសិក្សាទៅតាមមេរៀនដែលបានរៀបចំរួចជាស្រេចហើយ។ ចំពោះការសិក្សាកម្រិតបរិញ្ញាបត្រមានរយៈពេល ៤ឆ្នាំដូចគ្រឹស្ថានឧត្តមសិក្សានានាដែរ។ សូមបញ្ជាក់ដែរថា នៅពេលដំណើរការសាកល្បងនេះសាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៣ជាចំណុះ គឺមហាវិទ្យាល័យគរុកោសល្យ, មហាវិទ្យាល័យគ្រូ និងមហាវិទ្យាល័យរដ្ឋបាលកីឡា។

នៅចាំបានថា កាលពីឆ្នាំ១៩៨០ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានបើកជាលើកដំបូងដែលកាលនោះអ្នកដែលប្រឡងជាប់ត្រឹមសញ្ញាបត្រឌីប្លូម អាចប្រឡងចូលសិក្សាបាន។ ក្រោយមកនៅឆ្នាំ២០០៣ សាលាមធ្យមសិក្សាអប់រំ កាយ និងកីឡា បានដំឡើងកម្រិតមកជាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រហូតមកទល់បច្ចុប្បន្ននេះវិញ។

សព្វថ្ងៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ ហើយនៅពេលដែលវិទ្យាស្ថាននេះបំពេញលក្ខខណ្ឌឲ្យទៅជាសាកលវិទ្យាល័យ នោះការបណ្ដុះបណ្ដាលដែលមានកម្រិតបរិញ្ញាបត្រគឺនឹងមានរយៈពេល៤ឆ្នាំតែម្តង៕

 

រូបភាព៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់