រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាដល់សហព័ន្ធកីឡាជាតិដែលគ្មានសកម្មភាពត្រូវពង្រឹងខ្លួនឡើងវិញ

មាស សុផាណារ៉ុង February 6, 2019


 

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសំណូមពរដល់សហព័ន្ធជាតិ ដែលគ្មានសកម្មភាពឲ្យពង្រឹងខ្លួនឡើងវិញ។ លោកថ្លែងបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ អនុវិស័យកីឡា កាលពីថ្ងៃទី៥ ខែកុម្ភៈ។ លោកបានសង្កត់ធ្ងន់ថា សហព័ន្ធកីឡាបាល់ទាត់ បានក្លាយជាសហព័ន្ធគំរូគេក្នុងការកសាងធនធានមនុស្សតាំងពីកីឡាករ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ និង កម្រិតអន្តរជាតិ។ សហព័ន្ធកីឡាប៉េតង់ តេក្វាន់ដូ WT និងសហព័ន្ធមួយចំនួនទៀតមានការរីកចម្រើនខ្លាំង។ ផ្ទុយទៅវិញសហព័ន្ធមួយចំនួនតូចបែរជាគ្មានសកម្មភាពអ្វីទាំងអស់។ គ្មានការប្រកួតថ្នាក់អន្តរជាតិ ហើយការប្រកួតជើងឯកថ្នាក់ជាតិបែរជាធ្វើលំៗឲ្យតែបាន។ សហព័ន្ធដែលគ្មានសកម្មភាពបែបនេះត្រូវតែពង្រឹងខ្លួនឡើងវិញ។

លោករដ្ឋមន្ត្រីបានសំណូមពរឲ្យរាល់ការប្រកួតត្រូវតែរៀបចំឲ្យមានវិជ្ជាជីវៈត្រឹមត្រូវ។ ការប្រកួតត្រូវតែមាន ពេទ្យ កីឡាករ កីឡាការិនី ត្រូវតែមានរបបហូបចុកត្រឹមត្រូវ ស្នាក់នៅដោយកន្លែងសមរម្យ។ សម្រាប់កីឡាករ-កីឡាការិនី ជម្រើសជាតិមិនត្រូវធ្វើខ្លួនឲ្យទៅជាតួឯក ហើយត្រូវមានការត្រួតពិនិត្យការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ។ អង្គប្រជុំបានឯកភាពគ្នាលើមូលបទសំខាន់ចំនួន ២គឺដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និង យុវជនម្នាក់ត្រូវ មានកីឡាមួយប្រភេទក្នុងជីវិត។

សូមបញ្ជាក់ថាកិច្ចប្រជុំដែលមានរយៈពេលមួយថ្ងៃកន្លះនេះស្ថិតក្រោមការដឹកនាំរបស់ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពទាំង ៤ចំណុះ អគ្គនាយកដ្ឋានកីឡា គឺនាយកដ្ឋានអប់រំកាយ និងកីឡា , នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត , មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្រៅពីនោះក៏មានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥រាជធានី-ខេត្ត សហព័ន្ធជាតិទាំង ប្រភេទកីឡាអូឡាំពិក និងមិនអូឡាំពិក អង្គការបេះដូងមាសរបស់ជប៉ុន ផ្នែកពាក់ព័ន្ធនានាពិសេសមានការចូលរួមពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

ជាមួយនឹងការបិទអង្គប្រជុំនេះក៏មានការប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីចំនួន ៤ប្រភេទកីឡាដែលក្នុងនោះ មានជ័យលាភីប្រកួតតេក្វាន់ដូ ITF (International Taekwondo Federation) ពិភពលោក ជ័យលាភីកីឡាប៉េតង់ជើងឯកអាស៊ី កីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ និង កីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់